បរទេស៖ ខ្សែ​ប្រយុទ្ធ Son Heung-min របស់​ក្លិប Tottenham បាន​បញ្ជាក់​ថា រូប​គេ «បាន​ទទួលយក​» ការ​សម្រេច​ចិត្ត​របស់​លោក Antonio Conte ដើម្បី​ប្តូរ​រូប​គេ​ចេញ ក្នុង​ពេល​ក្រុម​ខ្លួន​បានយកឈ្នះ​​លើ​ក្រុម Arsenal ក្នុងលទ្ធ​ផល ៣-០ កាលពីថ្ងៃ​ព្រហស្បតិ៍ បើ​ទោះ​បី​រូប​គេ​បាន​បញ្ចេញ​ប្រតិកម្មយ៉ាង​ខឹង​សម្បារ ចំពោះ​ការ​សម្រេច​ចិត្ត​​នេះ​ក៏ដោយ​។

Son បាន​រក​គ្រាប់បាល់​ទី​៣​របស់ក្រុម Tottenham ក្នុង​តង់​ទី​២ ខណៈ​ដែលក្រុម​របស់​លោក Conte បាន​យកឈ្នះ​គូ​ប្រកួត​ក្នុង​តំបន់​ទីក្រុង​ឡុងដ៍​ភាគ​ខាង​ជើង​របស់​ពួក​គេ ដើម្បីរក្សា​រក្សា​ក្តី​សង្ឃឹម​នៃ​ការ​ប្រជែង​យក​ចំណាត់​ថ្នាក់​លេខ​៤ នៅ​លើ​តា​រាង​ក្រប​ខ័ណ្ឌ Premier League​។ ស្រប​ពេល​ដែល Son កំពុង​តែ​ដេញ​តាមពីក្រោយ Salah នៅ​លើ​តា​រាង​អ្នក​រក​រគ្រាប់​បាល់បានច្រើន​ជាង​គេ​ក្នុងក្រប​ខ័ណ្ឌ Premier League តា​រាឆ្នើមអន្តរ​ជាតិកូរ៉េ​ខាង​ត្បូង​រូបនេះ ទំនង​ដូច​ជា ខក​ចិត្ត នៅពេល​ដែល​​រូប​គេ​ត្រូវ​បាន​ប្តូរ​ចេញនៅនាទី ទី​៧២​។ Son ដែល​បាន​​ជួយ​បង្កើត​ឲ្យ​មាន​បាល់​ប៉េណាល់​ទី និង​ត្រូវ​បាន​ស៊ុត​ដោយកីឡាករ Harry Kane ដើម្បី​រក​គ្រាប់​បាល់​បើកឆាក​ឲ្យ Tottenham នោះ កំពុងមាន​គ្រាប់​បាល់​សរុប​ចំនួន​២១​គ្រាប់ ហើយ​ Salah របស់ Liverpool មាន​២២គ្រាប់​។

ពិត​ណាស់ លោក Conte បាន​ព្យា​យាម​រក្សា​ទុក Son ដើម្បី​ធ្វើ​ឲ្យ​រូប​គេ​មាន​ភាព​រឹង​មាំ​ជានិច្ច​សម្រាប់​ការប្រកួត​ជា​មួយនឹង Burnley នៅ​ថ្ងៃ​អាទិត្យ ស្រប​ពេល​ដែល​ក្រុម Arsenal ដែលនៅ​សល់​សមា​ជិក​១០នាក់ មិនមាន​សង្ឃឹម​ក្នុង​ការ​តាម​ស្មើ​វិញ​បាន​ឡើយ ក្រោយពី​កីឡាករ Rob Holding បាន​រង​ពិន័យ​កាត​ក្រហម​នៅ​តង់ទី​១​។ Son បាន​ប្រាប់​ទូរ​ទស្សន៍ Sky Sports ថា៖ «ពិត​ណាស់ ខ្ញុំ​ចង់​លេង​ជានិច្ច ប៉ុន្តែ ខ្ញុំ​អាច​និយាយ​អ្វី​បាន? ខ្ញុំ​ត្រូវ​តែ​ទទួល​យក​ការ​សម្រេច​ចិត្តនេះ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia