បរទេស៖ ក្លិប​សារិកា​ព្រៃ Newcastle ឈាន​ដល់​កិច្ច​​ព្រម​ព្រៀង​ជា​គោល​ដើម្បី​ទិញ​យក​ខ្សែ​ការ​ពារ Sven Botman ពី​ក្លិប​បារាំង Lille​។ Botman វ័យ​២២ឆ្នាំ បាន​បំពេញ​ការ​ត្រួតពិនិត្យ​សុខភាព នៅ​ក្លិប Newcastle កាលពីថ្ងៃ​អង្គារ និង​ត្រូវ​ចូល​រួម​ក្នុង​​កិច្ច​សន្យា​រយៈពេល​៥​ឆ្នាំ ក្នុងការ​ផ្ទេរ​ដែលមាន​តម្លៃខ្លួន​៣៥​លនា​អឺ​រ៉ូ (ស្មើនឹង​៤២លាន​ដុល្លារ​អាមេរិក)​។

ក្លិប​ស្ថិត​ក្នុងក្រប​ខ័ណ្ឌ Premier League មួយ​នេះ​បាន​បញ្ជាក់​ថា ពួកគេ​បាន​ប្រជែង​ឈ្នះ​ក្លិប​នៅ​អឺ​រ៉ុប​ជា​ច្រើន​ ដើម្បី​នាំ​យក​ខ្សែ​ការ​ពារ​ដ៏ឆ្នើម​រូបនេះ ស្រប​ពេល​ដែល​ការផ្ទេរ​ជាផ្លូវ​ការ​នឹង​ត្រូវ​បំពេញនៅ​សប្តាហ៍​នេះ​។ ការ​ចូល​របស់ Botman បាន​បង្ហាញ​ថា Newcastle នៅ​តែ​បន្ត​ធ្វើការពង្រឹង​ក្រុម​របស់​ខ្លួន ដើម្បី​ត្រៀម​សម្រាប់​យុទ្ធ​នាការ​ថ្មី​របស់​ពួក​គេ ខណៈ​ដែល​អ្នក​ចាំ​ទី​សញ្ជាតិអង់គ្លេស Nick Pope ទើប​តែ​បាន​ចូលរួម​ជាមួយនឹង​ពួកគេ​ពិក្លិប Burnley កាលពីសប្តាហ៍​មុន​។

ក្លិប Newcastle ក៏​បានចុះ​ហត្ថលេខា​ជាមួយនឹង​ខ្សែ​ការ​ពារ​ Matt Targett របស់​ក្លិប Aston Villa ក្នុង​កិច្ច​សន្យា​ជា​អចិន្ត្រៃយ៍​ផងដែរ ក្រោយពី​បាន​ចំណាយ​ពេល​ខ្ចី​ជើង​ដ៏​ជោគ​ជ័យ អំឡុង​ពេល​ពាក់​កណ្តាល​រដូវកាល​មុន​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia