បរទេស៖ ខ្សែ​បម្រើ​អន្តរ​ជាតិ​អង់គ្លេស Kalvin Phillips បាន​បំពេញ​ការ​​ផ្ទេរដែល «ជា​ការ​សុបិន» ទៅ​កាន់​ក្លិប Manchester City ដែល​ជាម្ចាស់​ជើង​​​ឯក​ក្រប​ខ័ណ្ឌ Premier League ក្នុង​តម្លៃខ្លួន​៤៥​លានផោន (ស្មើ​នឹង​៥៣​លាន​​ដុល្លារ​អាមេរិក) ពីក្លិប Leeds កាលពីថ្ងៃចន្ទ​។ Man City បាន​យល់​ព្រម​បង់​តម្លៃខ្លួន​ជា​គោល​ចំនួន​៤២​លាន​ផោន ដោយ​បូក​ជា​មួយ​នឹង​ប្រាក់​ឧបត្ថម្ភ​នានា​ចំនួន​៣​លានផោន​ផ្សេង​ទៀត​។

Phillips ដែល​បាន​ចុះ​កិច្ច​សន្យា​រយៈ​ពេល​៦​ឆ្នាំជាមួយនឹងក្រុម​របស់​លោក Pep Guardiola បាន​និយាយ​ថា៖ «ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​​ដែល​បាន​ចូលរួម​ជាមួយនឹងក្លិប Manchester City​»​។ លោក Guardiola បាន​ជ្រើ​សរើស​យក Phillips ដើម្បី​ពង្រឹង​នៅ​តំបន់​បម្រើ ក្រោយពី​ការ​ចាក​ចេញ​របស់​ខ្សែ​បម្រើ​ដ៏​មាន​ឥទ្ធិពល Fernandinho កាលពី​ចុង​រដូវ​​កាល​មុន​។ Man City បាន​ធ្វើ​ការ​ចរចា​ដើម្បី​ទិញ​​យក Phillips កាលពី​ខែ​មិថុនា ហើយ​ការ​ផ្ទេរ​នេះ បច្ចុប្បន្ន បាន​បំពេញ​ជាផ្លូវ​ការហើយ​។ Phillips ដែល​បាន​អភិវឌ្ឍ​ចេញពី​ប្រព័ន្ធ​យុវ​ជន​របស់ Leeds ផ្ទេរ​ទៅ​កាន់​កីឡដ្ឋាន Etihad ក្រោយពី​បាន​បង្ហាញខ្លួន​២៣៥​លើក សម្រាប់​ក្លិប​នៅ​ឯ​ស្រុក​កំណើត​របស់​គេ ក្នុង​រយៈ​ពេល​៨​រដូវ​កាល​មក​នេះ​។

Phillips គឺ​ជា​កីឡាករ​ចំណូលថ្មី​ទី​៣​របស់ Man City ក្រោយពី​ការ​នាំ​យក​ខ្សែប្រយុទ្ធ Erling Haaland ពីក្លិប Borussia Dortmund និង​អ្នក​ចាំទី Stefan Ortega ពីក្លិប Arminia Bielefeld​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia