បរទេស៖ ក្លិប​បិសាច​ក្រហម Manchester United បាន​ចុះ​ហត្ថលេខា​ជា​មួយនឹង​ខ្សែ​ការ​ពារ​ហូ​ឡង់ Tyrell Malacia ពី​ក្លិប Feyenoord ក្នុងកិច្ច​សន្យា​ដែលមាន​សុពល​ភាព​រហូត​ដល់​ខែមិថុនា ឆ្នាំ​២០២៦ ជា​​​មួយនឹង​ជម្រើស​ក្នុងការ​បន្ត​កុង​ត្រា​​រយៈ​ពេល​១​ឆ្នាំ​បន្ថែម​ទៀត​។

May be an image of 1 person and text that says 'MANCHESTER UNITED adidas ad'

នេះ​បើយោង​ទៅ​តាម​​ការ​ញ្ជាក់​របស់​ក្លិប​ស្ថិតក្នុងក្រប​ខ័ណ្ឌ Premier League មួយ​នេះ កាលពីថ្ងៃ​អង្គារ​។ ព័ត៌​មាន​លម្អិត​ទាក់ទង​នឹង​ការ​ផ្ទេរ​នេះ មិន​ត្រូវ​បាន​បង្ហាញ​ឲ្យដឹង​ឡើយ ប៉ុន្តែ បណ្តាញ​សារ​ព័ត៌​មាន​ចក្រ​ភព​អង់គ្លេស បាន​ចេញផ្សាយ​ថា ក្លិប Man United បាន​ទិញ​កីឡាករ​វ័យ​២២ឆ្នាំ​រូបនេះ ក្នុង​តម្លៃខ្លួន​ប្រមាណ​ជា​១៣លាន​ផោន (ស្មើ​នឹង​១៥,៥៦​លាន​ដុល្លារ​អាមេរិក) បូក​រួម​ទាំង​ប្រាក់​ឧបត្ថម្ភ​ចំនួន​១,៧​លាន​ផោន​ទៀត​។ Malacia ដែល​អភិវឌ្ឍ​ចេញ​ពីក្រុម​យុវជន​របស់ Feyenoord បាន​បង្ហាញខ្លួន​៥០​លើក​ក្នុង​រាល់​យុទ្ធនា​ការ​ទាំង​អស់ អំឡុង​រដូវ​កាល​ឆ្នាំ​២០២១-២០២២ ខណៈ​ដែល​ពួក​គេ​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣ នៅលើ​តា​រាង Eredivisie និង​បាន​ឈាន​ទៅ​លេង​ក្នុងក្រប​ខ័ណ្ឌ Europa Conference League វគ្គ​ផ្តាច់​ព្រ័ត្រ​ មុន​នឹង​ចាញ់​ក្រោម​ស្នា​ដៃ​ក្រុម Roma​។

May be an image of 2 people

Malacia ដែល​បាន​បង្ហាញខ្លួន​​ជា​អន្តរ​ជាតិ​៥លើក​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ហូ​ឡង់ នឹង​ត្រូវ​ប្រជែ​ង​ជា​​មួយនឹង Luke Shaw និង Alex Telles សម្រាប់​កៅអី​ក្នុង​ជម្រើស​ទាំង​១១នាក់​ដំបូង ក្រោមការ​ដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី​លោក Erik ten Hag​។ Man United ដែល​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​៦ និង​បាន​អវត្ត​មាន​ក្នុង​ក្រប​ខ័ណ្ឌ Champions League នឹង​ចាប់​ផ្តើម​យុទ្ធនា​ការថ្មី​នៃក្រប​ខ័ណ្ឌ Premier League ដោយ​ត្រូវ​ប៉ះ​ក្រុម Brighton & Hove Albion នៅ​ថ្ងៃ​ទី​៧ ខែ​សីហា​៕

 

ប្រភពព័ត៌មាន៖ Reuters