បរតេស៖ ក្លិប​បិសាចក្រហម Manchester United បាន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​លើ​តម្លៃខ្លួន​១៧​លាន​អឺ​រ៉ូ (ស្មើនឹង​១៨លាន​ដុល្លារ​អាមេរិក) ដើម្បី​ចុះ​ហត្ថលេខា​ជា​មួយ​នឹង​ខ្សែ​ការ​ពារ​ស្លាប​ឆ្វេង Tyrell Malacia របស់​ក្លិប Feyenoord ក្រោយពី​បាន​ប្រជែង​យក​ឈ្នះ​ក្លិប Lyon ដើម្បី​ទិញ​យក​កីឡាករ​អន្តរ​ជាតិហូ​ឡង់​វ័យ​២២​ឆ្នាំ​រូបនេះ​។

Lyon បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នា​ដោយ​ផ្ទាល់​មាត់​ជាមួយនឹង​ Malacia សម្រាប់​តម្លៃ​ខ្លួន​១២លាន​អឺ​រ៉ូ បូក​ទាំង​ប្រាក់​ឧបត្ថម្ភចំនួន​៣លាន​អឺ​រ៉ូ​ទៀត និង​បាន​រង់​ចាំ​​កីឡាករ​រូប​នេះ​ធ្វើដំណើរ​ទៅ​ពិនិត្យ​សុខភាព និង​ចុះ​កិច្ច​សន្យា​ ប៉ុន្តែ កាលពីថ្ងៃចន្ទ ក្លិប Man United បាន​ចូល​ទៅ​ប្រជែង​ទិញ​ដែរ​ ហើយ​សំណើ​របស់​ពួក​គេ​ត្រូវ​បាន​ក្លិប Feyenoord ទទួល​យក​តែម្តង​។

ស្រ​បពេល​ជាមួយ​គ្នានេះ Man United ក៏​ឈាន​ដល់​ការ​ព្រម​ព្រៀង​ក្នុង​តម្លៃ​ខ្លួន​៦៥លាន​អឺ​រ៉ូ (ស្មើនឹង​៦៨​លាន​ដុល្លារ​អាមេរិក) បូក​រួម​ទាំង​ប្រាក់​ឧប​ត្ថម្ភ​នានា​ផ្សេង​ទៀត ជាមួយ​នឹងក្លិប Barcelona ដើម្បី​ទិញ​យក​ខ្សែ​​បម្រើ​អន្តរ​ជាតិហូ​ឡង់ Frenkie de Jong​។ ប៉ុន្តែ ទោះ​បី​ជា​​យ៉ាង​ណា ក្លិប​ Man United បញ្ជាក់​ថា ការផ្ទេរ​នេះ មិនទាន់​សម្រេច​ជាផ្លូវ​កា​រឡើយ និង​នៅ​សល់​ការ​ងារ​សំខាន់​ៗ​ជាច្រើន​ទៀត​ដែល​ត្រូវ​ដោះស្រាយ​។ ប៉ុន្តែ ដំណើ​ការ​នៃ​ការ​ផ្ទេរ​នេះ ត្រូវ​បាន​គេ​ចាត់ទុក​ថា មាន​ភាព​វិជ្ជ​មាន និង​ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​បំពេញ​ជាផ្លូវ​ការ​ក្នុង​ពេល​ឆាប់​ៗ៕

 

ប្រភព​ព័ត៌​មាន៖ The Guardian