បរទេស៖ ក្លិប Nice របស់​ក្រប​ខ័ណ្ឌ​បារាំង កាលពីថ្ងៃ​ចន្ទ បានប្រកាស​ពីការ​​បំពេញការ​នាំ​យក​ខ្សែ​បម្រើ​អន្តរ​ជាតិ​វេលស៍ Aaron Ramsey ក្នុង​រយៈ​ពេល​១​សប្តាហ៍ ក្រោយពី​កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ បាន​ចាក​ចេញពី​ក្លិប Juventus ខណៈ​ដែល​នៅ​​ជាប់​កិច្ច​សន្យា​រយៈ​ពេល​១​ឆ្នាំ​ទៀត​​ក្នុង​កុង​ត្រា​របស់​គេ​។

Ramsey បាន​ចូល​រួម​ជាមួយ​នឹង​ក្លិប Juventus ក្នុង​ឆ្នាំ​២០១៩ ក្នុងនាម​ជាកីឡាករ​​ដែល​មិន​ជាប់​កិច្ច​សន្យា​ជាមួយនឹងក្លិប​ផ្សេង ក្រោយពី​បាន​ចំណាយ​​ពេល​អស់​ជិត​៨​ឆ្នាំ​នៅក្លិប Arsenal និង​បាន​ឈ្នះពាន​ក្រប​ខ័ណ្ឌ Serie A ក្នុង​យុទ្ធនា​ការ​ទី​១​របស់​ពួក​គេ​ក្នុង​ទីក្រុង Turin​។ កាល​ពី​រដូវ​កាល​មុន រូប​គេ​បាន​ចំណាយ​ពេល​អស់​៥ខែ ក្នុងនាម​ជាកីឡាករ​កម្ចីនៅក្លិប Rangers នៅមុន​ពេល​ជួយ​ឲ្យ​ប្រទេស​របស់​គេ​​ឈ្នះកៅអី​ទៅ​ប្រកួត World Cup នៅ​ឆ្នាំនេះ តាមរយៈ​ការ​យកឈ្នះ​លើក្រុម​ជម្រើស​ជាតិ​អ៊ុយក្រែន ក្នុងការ​ប្រកួត​វគ្គ Playoff​។

បើ​យោង​ទៅ​តាម​ប្រភព​នានា Ramsey បាន​ចុះ​កិច្ច​សន្យា​រយៈ​ពេល​១​ឆ្នាំ ជា​មួយនឹង​ក្លិប Nice​។ រូប​គេ​ជា​​កីឡាករ​ចំណូលថ្មី​ទី​៤ ក្នុង​ពេល​បើក​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​រដូវ​ក្តៅ​នេះ សម្រាប់​ក្លិប Nice បន្ទាប់​ពី​ខ្សែ​បម្រើ Alexis ពីក្លិប Lokomotiv Moscow អ្នក​ចាំ​ទី​ប៉ូឡូញ Marcin Bulka ដែល​ខ្ចី​ជើង​ពីក្លិប Paris Saint-Germain និង​ខ្សែ​បម្រើ​ប្រយុទ្ធ Rares Ilie ដែល​ផ្ទេរ​មក​ពីក្លិប Rapid Bucharest​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia