បរទេស៖ ក្លិប Everton បាន​ចុះ​ហត្ថលេខា​ជា​មួយនឹង​ខ្សែ​បម្រើ​អន្តរ​ជាតិ​បែលហ្ស៊ិក Amadou Onana ពី​ក្លិប Lille ក្នុងតម្លៃខ្លួន​៤០លាន​អឺ​រ៉ូ (ស្មើ​នឹង​៤១​លាន​ដុល្លារអាមេរិក) កាលពីថ្ងៃ​អង្គារ​។

តារាឆ្នើម​វ័យ​២០ឆ្នាំ​រូបនេះ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កីឡដ្ឋាន Goodison Park កាលពីថ្ងៃ​សៅរ៍ ដើម្បី​ទស្ស​នា​​​ការ​ប្រកួត​របស់​ក្រុម Everton ក្នុង​ពេល​ពួកគេ​ចាញ់​ក្រុម Chelsea ក្នុងលទ្ធ​ផល ១-០ ក្នុង​ការ​ប្រកួត​​បើក​រដូវ​កាល​នៃក្រប​ខ័ណ្ឌ Premier League របស់ពួក​គេ​។ ក្លិប West Ham ក៏​ចាប់​អារម្មណ៍​លើ Onana ផង​ដែរ ហើយ​ក៏​បាន​យល់​ព្រម​លើ​តម្លៃខ្លួន​សម្រាប់កីឡាករ​រូបនេះ​ផងដែរ​។ Onana បាន​ប្រាប់​គេហ​ទំព័រ​របស់​ក្លិប Everton ថា៖ «ខ្ញុំ​មាន​​អារម្មណ៍​រំភើប​ណាស់​ដែល​បាន​ចូល​រួម​ជាមួយ​នឹងក្លិប Everton​។

ខ្ញុំ​ដឹងថា នេះ​គឺជា​ក្លិប​ដ៏ធំ​មួយ ហើយ​ខ្ញុំ​ចង់​នៅ​ជាមួយ​នឹងក្លិប​ឲ្យបាន​ច្រើន​ឆ្នាំ​»​។ តារា​ឆ្នើម​រូបនេះ គឺ​ជា​កីឡាករ​ចំណូល​ថ្មី​ទី​៥​នៅ​រដូវ​ក្តៅ​នេះ ក្រោយពី​បាន​ចូលរួម​របស់​កីឡាករ Conor Coady, Dwight McNeil, Rúben Vinagre និង James Tarkowski​។ ការ​ចូលរួម​របស់​គេ ក៏​ជា​​ការ​សម្រេច​បាន​នូវ​គោល​​ដៅ​មួយ​​សម្រាប់​លោក​គ្រូបង្វឹក Frank Lampard និង​ប្រធានផ្នែក​​កីឡា​បាល់ទាត់​លោក Kevin Thelwell ដែល​​អារម្មណ៍​ទៅលើ​តារាឆ្នើម​ៗ​ទើប​តែ​រះ​៕

 

ប្រភព​ព័ត៌​មាន៖ BBC