ព្រឹត្តិការណ៍កីឡាប្រណាំងកង់ភ្នំ Cambodia MTB Series 2018 នឹងបន្តការប្រកួតជុំទី៣ នៅជុំវិញ និងលើភ្នំមួយ ស្ថិតក្នុងទឹកដីខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអាទិត្យខាងមុខនេះ ដែលមានអ្នកចូលរួមសរុបជាង១៦០នាក់ មកពីភ្នំពេញ ខេត្តសៀមរាប ខេត្តកណ្តាល ខេត្តកំពង់សោម ខេត្តកំពង់ស្ពឺ និងខេត្តបាត់ដំបង។

អ្នកចូលរួមទាំងនេះ នឹងត្រូវបែងចែកការប្រកួត ទៅតាមប្រភេទវិញ្ញាសា និងកម្រិតអាយុ ដែលគណៈកម្មការរៀបចំការប្រកួតរបស់សហព័ន្ធកីឡាទោចក្រយាន បានកំណត់ ហើយថ្នាក់ដឹកនាំសហព័ន្ធខ្មែរកីឡាទោចក្រយាន បានមើលឃើញថា ការប្រកួតនៅជុំទី៣នេះ មានក្មេងៗ និងយុវជន បានចូលរួមច្រើន។

លោកឧកញ៉ា វង្ស ខាន់ពៅ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានប្រាប់ថា៖ «នៅក្នុងចំនួនអ្នកចូលរួមជាង១៦០នាក់នេះ គឺមានការកើនឡើងប្រមាណ១៥ភាគរយ ប្រើធៀបការប្រកួតនៅខេត្តកំពង់ស្ពឺនេះ កាលពីឆ្នាំ២០១៧ ហើយនៅក្នុងនោះ យើងឃើញមានក្មេងៗ និងក្រុមយុវជន បានចុះឈ្មោះចូលរួមច្រើន ដែលវាបង្ហាញថា យុវជនជំនាន់ក្រោយរបស់យើង បានចាប់អារម្មណ៍ច្រើន មកលើវិស័យកីឡាប្រណាំងកង់របស់យើង»។

ជាមួយគ្នានេះដែរ មានអ្នកជិះកង់ប្រមាណ៦០នាក់ ភាគច្រើនអ្នកទៅពីភ្នំពេញ គឺបានចំណាយថវិកាផ្ទាល់ខ្លួន ទៅហ្វឹកហាត់នៅលើទីលានប្រកួតមុន កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ កន្លងមកនេះ ហើយសកម្មភាពនេះត្រូវបានលោកឧកញ៉ា វង្ស ខាន់ពៅ បញ្ជាក់ថា៖ «សកម្មភាពនេះ បានក្លាយជារឿងដ៏គួរឲ្យចាប់អារម្មណ៍ ចំពោះការប្រកួតនៅជុំទី៣នេះ គឺមានន័យថា ពួកគាត់បានបង្ហាញពីការស្រឡាញ់ និងឆន្ទៈពិតប្រាកដ ក្នុងការចូលរួមលើកស្ទួយវិស័យកីឡាប្រណាំងកង់របស់យើង ខណៈពេលដែលវិស័យមួយនេះ កំពុងតែមានការរីកចម្រើនពី១ឆ្នាំ ទៅ១ឆ្នាំ»។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាប្រណាំងកង់ភ្នំ Cambodia MTB Series 2018 នេះ មានការប្រកួតប្រជែងចំនួន៥ជុំ ទើបបូកពិន្ទុសរុប ដើម្បីស្វែងរកអ្នកឈ្នះ ក្នុងព្រឹត្តិការណ៍នេះ ទៅតាមប្រភេទវិញ្ញាសានីមួយៗ ពិសេសការប្រកួតរបស់ក្រុមជំនាញខ្ពស់បំផុត (A1) ក្រុមកម្រិតជំនាញខ្ពស់ (A2) ពីអាយុ៣០ឡើង ក្រុមកម្រិតជំនាញធម្យម (B1) ពីអាយុ១៥ ដល់២៩ឆ្នាំ និង B2 សម្រាប់អាយុ៣០ឆ្នាំឡើង។

ក្រៅពីនេះ Cambodia MTB Series 2018 ក៏មានរៀបចំឲ្យមានការប្រកួតកម្រិតយុវជនមិនទាន់មានបទពិសោធ (C1) ពីអាយុ១៤ ដល់១៧ឆ្នាំ រួមទាំងកម្រិតអ្នកមិនទាន់មានបទពិសោធ(C2) ពី១៨ ដល់២៩ឆ្នាំ, កម្រិតអ្នកគ្មានបទពិសោធ (C3) ពីអាយុ៣០ ដល់៣៩ឆ្នាំ, កម្រិត Masters អាយុ៤០ឆ្នាំឡើង, ការប្រកួតផ្នែកនារី, ការប្រកួតកម្រិតក្មេងៗ K1 ពីអាយុ៩ ទៅ១១ឆ្នាំ និង K2 មានអាយុពី១២ ដល់១៣ឆ្នាំ ផងដែរ៕