ជំនួបប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិគោព្រៃកម្ពុជា និងម៉ុងហ្គោលីបានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញនារាត្រីថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

ការប្រកួតចាប់ផ្តើមលេងបាន ២១នាទី ក្រុមម្ចាស់ផ្ទះកម្ពុជា បានរបូត ១គ្រាប់ពីការធ្វើបានសម្រេចដោយកីឡាករពាក់លេខ៦ បានស៊ុតផុតដៃអ្នកចាំទីកម្ពុជា កែវ សុខសិលា មុនពេលកីឡាករខ្សែប្រយុទ្ធ កែវ សុខផេង ទាត់បាល់ ១១ម៉ែត្រតាមស្មើវិញនៅនាទីទី៣៥ ហើយលទ្ធផលនេះគឺបានបន្តរហូតដល់ចប់ការប្រកួត។

ក្រោយចប់ការប្រកួត លោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបន្ដបង្ហាញទស្សនៈវិជ្ជមាន ចំពោះកូន ក្រុមរបស់ខ្លួន ដោយមើលឃើញពីការអភិវឌ្ឍន៍ និងចំណុចល្អៗជាច្រើន បន្ទាប់ពីប្រកួតស្មើក្រុមជម្រើសជាតិ ម៉ុងហ្គោលី ១-១ ក្នុងជំនួបមិត្តភាពអន្ដរជាតិកាលពីយប់មិញ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។ លោក បានថ្លែងថា៖ «អ្វីដែលលោកសប្បាយចិត្ត គឺលោកឃើញកីឡាករម្នាក់ៗ ទាំងអ្នកធ្លាប់បានលេងពីមុន និងអ្នកមិន ធ្លាប់បានលេងពីមុន បានបង្ហាញនូវការប្រកួតប្រជែងខ្ពស់ និងការខិតខំប្រឹងប្រែង ១០០% លើទីលាន ដែលទាំងនេះសបញ្ជាក់ឲ្យឃើញថា ក្រុមជម្រើសជាតិកម្ពុជា កំពុងរីកចម្រើន និងបន្ដដំណើរទៅមុខជានិច្ច»។

គ្រូបង្វឹកជនជាតិអាហ្សង់ទីន បានថ្លែងក្នុងសន្និសីទក្រោយចប់ការប្រកួតថា «ការប្រកួតថ្ងៃនេះ គឺធ្វើទៅតាមអ្វី ដែលយើងបានគ្រោងទុក ខ្ញុំឃើញថាពួកយើងធ្វើបានល្អ ទាំងការប្រយុទ្ធ ការបញ្ជូនបាល់ ពិសេសនៅចុង វគ្គទី២។ ប៉ុន្ដែយ៉ាងណាយើងត្រូវការរៀបចំឲ្យបានល្អជាងនេះ មុនជួបក្រុមហុងកុង។ ពួកយើងបានដឹង ពីរបៀបលេងរបស់ពួកគេ អញ្ចឹងយើងត្រូវរកដំណោះស្រាយ ដើម្បីបំបែកទម្រង់លេងរបស់ពួកគេ»។

គួរបញ្ជាក់ថា បន្ទាប់ពីចប់ការប្រកួតនេះ ក្រុមគោព្រៃកម្ពុជា នឹងធ្វើដំណើរទៅទីក្រុងហុងកុង នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ ដើម្បីត្រៀមប្រកួតជើងទី២ ជាមួយហុងកុង ក្នុងវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ពូល C នាថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខ។ ចំណែកក្រុមម៉ុងហ្គោលី ក៏ត្រៀមចេញទៅមីយ៉ាន់ម៉ា ដើម្បីតតាំងជាមួយ ក្រុមម្ចាស់ផ្ទះ ក្នុងពូល F នាថ្ងៃជាមួយគ្នាផងដែរ៕