បរទេស៖ ខ្សែប្រយុទ្ធ Tammy Abraham ខ្សែការពារ Ben Chilwell និងខ្សែបម្រើ Jadon Sancho នឹងអវត្តមានក្នុងការប្រកួតមិត្តភាពរបស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស នៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិវេលស៍ នាកីឡដ្ឋាន Wembley នៅរាត្រីនេះ ក្រោយពីពួកគេបានប្រព្រឹត្តល្មើសនឹងបទបញ្ជាកូវីដ-១៩ កាលពីចុងសប្តាហ៍មុននេះ។
នេះបើយោងទៅតាមការបញ្ជាក់របស់លោក Gareth Southgate កាលពីថ្ងៃអាទិត្យ។ Chilwell និង Sancho បានចូលរួមក្នុងកម្មវិធីខួបកំណើតរបស់ Abraham នៅក្នុងទីក្រុងឡុងដ៍ កាលីថ្ងៃសៅរ៍។ កម្មវិធីខួបកំណើតនេះ ត្រូវបានរៀបចំឡើងដើម្បីបង្កើតឲ្យមានការភ្ញាក់ផ្អើល ប៉ុន្តែ បានល្មើសនឹងច្បាប់ទី៦ ដែលជាគោលការណែនាំមួយក្នុងចំណោមគោលការណែនាំរបស់រដ្ឋាភិបាល ដែលហាមប្រជាជននៅអង់គ្លេស មិនឲ្យប្រមូលផ្តុំគ្នាច្រើនជាង៦នាក់ ដើម្បីទប់ស្កាត់ការរាតត្បាតវីរុសកូរ៉ូណា។
លោក Southgate បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ពួកគេនឹងអវត្តមានក្នុងការប្រកួតជាមួយនឹងក្រុមជម្រើសជាតិវេលស៍ ហើយប្រសិនបើពួកគេមិនអាចស្ថិតនៅជាមួយនឹងយើងនៅត្រឹមថ្ងៃសុក្រទេនោះ ពួកគេនឹងអវត្តមានក្នុងការប្រកួតជាមួយនឹងក្រុមជម្រើសជាតិបែលហ្ស៊ិក»។ លោកបានបន្ថែមទៀតថា៖ «យើងត្រូវតែមានភាពច្បាស់លាស់ក្នុងការការពារក្រុមទាំងមូល ដែលជារឿងដ៏សំខាន់។ ពេលវេលាកំណត់ទៅលើបម្រាមគោចរណ៍ ពិតជាស្មុគស្មាញ ហើយយើងត្រូវតែសម្របខ្លួនឲ្យបានល្អតាមដែលយើអាច»៕
ប្រភពព័ត៌មាន៖ Channel News Asia
 
                

