បរទេស៖ លោក Joachim Loew គ្រូបង្វឹក​នៃក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​អាល្លឺ​ម៉ង់ បាន​​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុម​របស់​លោក​បញ្ចេញ «កំហឹង និង​ការខក​ចិត្ត​» របស់ពួក​​គេ ពី​ការ​រង​បរា​ជ័យ​យ៉ាង​អា​ម៉ាស​ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ នៅពេល​ដែល​​ពួក​គេ​ធ្វើ​​ជា​ម្ចាស់​ផ្ទះ​ទទួល​ក្រុម​ជម្រើស​ជាតិ​អ៊ី​ស្លង់ នៅ​រាត្រី​នេះ​។

ការ​ប្រកួត​ជម្រុះ​បើក​ឆាក​នៃ​យុទ្ធ​នា​ការ​ World Cup របស់​ពួក​គេ ក្នុង​ទីក្រុង Duisburg នឹងក្លាយ​ជា​​ការ​បង្ហាញខ្លួន​ជាលើក​ដំបូង​របស់​ពួក​គេ បើ​គិត​ចាប់​តាំងពី​ក្រុម​របស់​លោក Loew បាន​រង​​បរា​ជ័យ​យ៉ាង​អា​ម៉ាស​ក្នុងលទ្ធ​ផល ៦-០ នៅ​ទីក្រុង Seville កាល​ពី​ខែ​វិច្ឆិកា ឆ្នាំមុន​។ ក្រោយពី​ការ​រង​បរា​ជ័យ​​យ៉ាង​ខក​ចិត្ត​ក្រោមស្នា​​ដៃក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ លោក Loew រំពឹង​ទុក​ថា នឹង​មាន​ការ​បញ្ចេញ​ប្រតិ​កម្ម​ពីក្រុម​របស់​លោក ក្រោយពី​ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ បាន​រង​បរា​ជ័យ​យ៉ាង​ធំ​បំផុត​ក្នុង​រយៈ​ពេល​៨៩​ឆ្នាំ​។ លោក Loew បាន​ទទួល​ស្គាល់​ក្នុង​សន្និ​សីទ​សារ​ព័ត៌​​មាន​ថា៖ «យើង​ទាំង​អស់​គ្នា​បាន​ប្រព្រឹត្ត​កំហុស​ពេល​ប្រកួត​ជាមួយនឹង​អេ​ស្ប៉ាញ​។

នោះ​គឺ​ជា​ការ​ភ្លាត់​ស្នៀត​មួយ ហើយ​យើង​​បាន​លេងក្រោម​កម្រិត​ស្តង់​ដារ​ទាំងស្រុង​»​។ លោក Loew ចង់​រក្សា​​ការ​ជ្រើស​រើស​យក​​ក្រុម​ខ្លាំង​បំផុតនៅ​ចន្លោះ​ពេលនេះ និង​ព្រឹត្តិ​ការណ៍ Euro ឆ្នាំ​២០២០ នៅ​ខែមិថុនា ក្រោយពី​​នោះ លោក​នឹង​លា​លែង​ពី​តំណែង បន្ទាប់​ពី​កាន់​តំណែង​អស់​រយៈ​ពេល​១៥​ឆ្នាំ​។ លោក Loew បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំគិត​លែង​ចេញ​ហើយ​ថា នរណា​នឹង​ត្រូវ​លេង ឬ​ត្រូវ​សម្រាក។ យើង​អស់​ពេល​ហើយ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia