បរទេស៖ ទម្រង់លេងរបស់ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ត្រូវបានចាត់ទុកថា «ជាទម្រង់លេងដ៏អាម៉ាស» ក្រោយពីពួកគេបានរងបរាជ័យក្នុងការប្រកួតជម្រុះ World Cup ជាលើកដំបូងរបស់ពួកគេ ក្នុងរយៈពេល២០ឆ្នាំ តាមរយៈការចាញ់ក្រុមជម្រើសជាតិម៉ាសេដ្វានលើទឹកដីខ្លួនឯងក្នុងលទ្ធផល ២-១ ខណៈដែលលទ្ធផលនេះ កាន់តែដាក់សម្ពាធលើលោកគ្រូបង្វឹក Joachim Loew។
ក្រោយពីសំឡេងកញ្ចែបញ្ចប់ការប្រកួតនៅទីក្រុង Duisburg កាលពីថ្ងៃពុធ លោក Loew បានឲ្យដឹងថា៖ «ទំហំនៃការខកចិត្តពិតជាធំណាស់។ នេះគឺជាការខកចិត្តមួយ។ យើងបានធ្វើឲ្យមានកំហុសជាច្រើន ហើយយើងមិនបានរកឃើញផ្លូវក្នុងការទម្លុះតំបន់ការពាររបស់ក្រុមជម្រើសជាតិម៉ាសេដ្វាន ឡើយ»។ លោកបានបន្ថែមទៀតថា៖ «យើងក៏បានអនុញ្ញាតឲ្យពួកគេធ្វើការវាយសម្រុករហ័ស និងមិនបានផ្តោតលើការប្រកួតទាំងស្រុងឡើយ»។
ខ្សែបម្រើ Eljif Elmas របស់ក្លិប Napoli បានរកគ្រាប់បាល់ឈ្នះនៅរយៈពេល៥នាទីចុងក្រោយ ក្រោយពីគ្រាប់បាល់ប៉េណាល់ទីរបស់កីឡាករ Ilkay Gundogan បានជួយឲ្យអាល្លឺម៉ង់ រកបានគ្រាប់បាល់តាមស្មើ ក្រោយពីកីឡាករ Goran Pandev វ័យ៣៧ឆ្នាំ បានរកគ្រាប់បាល់បើកឆាកនៅតង់ទី១។ កាសែត Bild បានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួនទាំងខឹងសម្បារថា៖ «នេះពិតជារឿងគួរឲ្យអាម៉ាសមែន»៕
ប្រភពព័ត៌មាន៖ Channel News Asia


