បរទេស៖ លោក Julian Nagelsmann ដែលកាលពីថ្ងៃអង្គារត្រូវបានប្រកាសថា នឹងក្លាយជាគ្រូបង្វឹកបន្ទាប់នៅក្លិប Bayern Munich នោះ បានសន្យាថា លោកនឹងមិនទាញយកកីឡាករឆ្នើមៗបំផុតរបស់ពួកគេចេញពីក្លិបនាបច្ចុប្បន្នរបស់លោក RB Leipzig ឡើយ។
គ្រូបង្វឹកវ័យ៣៣ឆ្នាំរូបនេះបានប្រាប់សន្និសីទសារព័ត៌មានថា៖ «នៅពេលនេះ RB Leipzig បានផ្តល់ឱកាសដល់ខ្ញុំក្នុងការចូលរួមជាមួយនឹងក្លិប Bayern ហេតុនេះ ខ្ញុំនឹងមិនចាប់ផ្តើមទាញយកកីឡាករពីពួកគេឡើយ»។ លោកបានបញ្ជាក់ថា លោកមិនមានផែនការក្នុងការយករថយន្ត  Volkswagen ដើម្បីដឹកកីឡាករឆ្នើមៗពីក្លិបបច្ចុប្បន្នរបស់លោកឡើយ។ គ្រូបង្វឹករូបនេះបានបញ្ជាក់ថា៖ «ខ្ញុំនឹងមិនជួលរថយន្ត T6 ដើម្បីទៅកាន់ទីក្រុង Munich និងកីឡាករម្នាក់ ឬ២នាក់ ពីក្លិប Leipzig ដើម្បីទៅជាមួយខ្ញុំឡើយ»។ ប៉ុន្តែ លោក Nagelsmann ក៏នឹងត្រូវជួបគ្នាជាថ្មីជាមួយនឹងកីឡាករដ៏ឆ្នើមម្នាក់ក្នុងចំណោមកីឡាករឆ្នើមៗរបស់ Leipzig ក្រោយពីការផ្ទេររបស់ខ្សែការពារ Dayot Upamecano ទៅកាន់ក្លិប Bayern ត្រូវបានប្រកាសជាផ្លូវការរួចជាស្រេច កាលពីខែកុម្ភៈ។
លោក Nagelsmann នឹងចូលជំនួសកន្លែងរបស់លោក Hansi Flick នៅក្លិប Bayern ក្រោយពីលោក Flick បានស្នើសុំចាកចេញនៅចុងរដូវកាលនេះ ក្រោយពីបែកបាក់មិត្តភាពជាមួយនឹងនាយកផ្នែកកីឡាបាល់ទាត់លោក Hasan Salihamidzic ជុំវិញការដោះដូរកីឡាករ៕
ប្រភពព័ត៌មាន៖ Channel News Asia
                

