បរទេស៖ លោក Phil Neville បានក្រើនរំលឹកអតីតក្លិបបិសាចក្រហម Manchester United ដែលបានបង្ហាញពីចេតនាក្នុងការចុះហត្ថលេខានាំយក Harry Kane មករួមក្រុម។
គ្រូបង្វឹកដែលកំពុងដឹកនាំក្លឹបនៅលីកកំពូលសហរដ្ឋអាមេរិក Inter Miamin វ័យ៤៤ឆ្នាំរូបនេះមានជំនឿថាវត្តមានរបស់ខ្សែប្រយុទ្ធ Tottenham រូបនេះនឹងជាឧបសគ្គរារាំងផ្លូវដល់ Mason Greenwood ចូលលេងជម្រើសដំបូងស្របពេលគ្រូបង្វឹក Ole Gunnar Solskjaer មានចំណាប់អារម្មណ៍ចង់នាំយកប្រធានក្រុមជម្រើសជាតិអង់គ្លេស Kane វ័យ ២៧ ឆ្នាំរូបនេះមកកាន់ទឹកដី Old Trafford ដើម្បីពង្រឹងតំបន់ប្រយុទ្ធបន្ថែមទៀត។
ទោះបីជាជួបបញ្ហារបួសប៉ុន្តែ Kane នៅតែអាចរកបានគ្រាប់បាល់ ២៨ គ្រាប់ និងបង្កើតឪកាសស៊ុតបញ្ចូលទី បាន ១៧ គ្រាប់ គ្រប់ក្របខណ្ឌប្រកួតទាំងអស់នៅរដូវកាលនេះ។ ចំណែកឯយុវជន Greenwood ដែលត្រូវបានប្រិយមិត្តគាំទ្រដោយមើល ឃើញថាមានសមត្ថភាពគួរកោតសរសើរនាពេលបច្ចុប្បន្នក្រោយចូលលេងបាន៩៩ ប្រកួតហើយសម្រាប់ក្រុមបិសាចក្រហមក្រោយបង្ហាញខ្លួនឈុតធំជាលើកដំបូងនៅឆ្នាំ ២០១៩។ សម្រាប់រដូវកាលនេះកីឡាករអន្តរជាតិអង់គ្លេសមានវ័យទើបតែ១៩ឆ្នាំរកបានគ្រាប់បាល់ ៥ គ្រាប់ និងAssist ២ដងក្រោយការបង្ហាញខ្លួន១៨ប្រកួតនៅលីកកំពូលអង់គ្លេស។ លោក Nevilleបានប្រាប់គេហទំព័រ Talksportលើបញ្ហានេះថា៖ «ក្លឹបគួរតែបន្តផ្តល់កិច្ចសន្យាដល់ Cavani សម្រាប់រដូវកាលថ្មីគឺជាជម្រើសល្អប្រសើរ ជាងទិញខ្សែប្រយុទ្ធបន្ថែមនាពេលនេះ។ គឺជាខ្សែប្រយុទ្ធលំដាប់ថ្នាក់ពិភពលោកនាពេលបច្ចុប្បន្ន។ ទោះបីគាត់ជាកីឡាករដែលផ្ទេរមកដោយគ្មានតម្លៃខ្លួន ប៉ុន្តែ Cavani គឺជាខ្សែប្រយុទ្ធជួរមុខដែលយើងត្រូវការបំផុត»៕
ប្រភពព័ត៍មាន៖ Metro