បរទេស ខ្សែប្រយុទ្ធ Diogo Jota នឹងមិនមានវត្តមានក្នុងក្រុមរបស់ Liverpool ឡើយសម្រាប់ពីរប្រកួតចុងក្រោយរបស់ពួកគេក្នុងក្របខណ្ឌ Premier League។
អតីតខ្សែប្រយុទ្ធ Wolves រូបនេះធ្លាប់ជួបប្រទះបញ្ហារបួសជង្គង់ម្តងរួចមកហើយកាលពីពាក់កណ្តាល់ខែធ្នូ ដែលបានធ្វើរូបគេអវត្តមានមិនអាចជួយក្រុម Liverpool រហូតដល់ខែមីនាទើបរូបគេអាចត្រលប់ចូលទីលានសារជាថ្មី។ Jota អាចរកបាន៤គ្រាប់តាំងតែពីជាសះស្បើយជង្គង់របស់គេ ប៉ុន្តែរូបគេបានអវត្តមានក្នុងជំនួបទល់នឹង West Brom កាលពីយប់ថ្ងៃអាទិត្យនេះសារជាថ្មី ដោយលោក Jurgen Klopp បានបញ្ជាក់ថា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាលរូបនេះបានទទួលរងរបួសអំឡុងពេលប្រកួតជាមួយនឹង Manchester United កាលពីពេលកន្លងទៅ។
លោក Jurgen Klopp បាននិយាយថា «ទោះបីជាពួកយើងបានឈ្នះ Manchester United មែន ប៉ុន្តែ Jota បានមានបញ្ហាត្រង់ឆឹ្អងរបស់គេ។ វាមិនធ្ងន់ធ្ងរពេកទេ ប៉ុន្តែវាធ្ងន់ធ្ងរល្មមអោយរូបគេអវត្តមានរហូតចប់រដូវកាលនេះ»។ Jota បង្ហាញទម្រង់លេងបានយ៉ាងល្អសម្រាប់រដូវកាលដំបូងរបស់គេជាមួយនឹង Liverpool ដោយអាចរក១៣គ្រាប់ និង Assist បានម្តងក្នុងការបង្ហាញខ្លួន២៩លើក៕
ប្រភពព័ត៍មាន៖ Sportsmole