បរទេស៖ ក្រុមមាន់ខ្នាយមាស Tottenham នឹងត្រៀមធ្វើការព្យាយាមសាជាថ្មីម្តងទៀត ដើម្បីចរចារនាំយកលោក Brendan Rodgers ដើម្បីមកដឹកនាំពួកគេនៅរដូវកាលថ្មីប្រសិនជាក្រុមកញ្ជ្រោងខៀវ Leicester ដែលរូបលោកដឹកនាំខកខានមិន បានជាប់ចំណាត់ថ្នាក់ Top-៤ សម្រាប់ការប្រកួតថ្ងៃអាទិត្យដែលជាការប្រកួតចុងក្រោយដើម្បីបិទរដូវកាល។

មានន័យថាជ័យជំនះរបស់ Liverpool លើក្រុម Burnley កាលពីយប់ថ្ងៃពុធនេះបានរុញច្រានអោយក្រុមជើងឯកFA Cup ធ្លាក់ចេញពីក្រុមកំពូលតារាងទាំងបួនជាលើកដំបូងចាប់តាំងពីខែធ្នូ។ ដូច្នេះឪកាសនៃការប្រកួតនៅថ្ងៃអាទិត្យនេះជាមួយ Tottenhamពួកគេ គឺជាការសម្រេចពីជោគវាសនាសម្រាប់ការប្រកួតនៅក្របខណ្ឌChampion Leagueនៅរដូវកាលថ្មី។

ប្រភពពីគេហទំព័រThe Sun បានអោយដឹងថា: លោក Rodgers នៅតែជាជំរើសទី ១សម្រាប់ប្រធានក្លឹបលោក Daniel Levy ដែលចង់បានរូបលោកចូលមកជំនួសតំណែងលោក Jose Mourinho ប៉ុន្តែប្រធានក្លឹប Spurs បារម្ភថានឹងមិនបញ្ចុះបញ្ចូលអ្នកចាត់ការទូទៅសញ្ជាតិអៀឡង់ខាងជើងមករួមក្រុមបានទេ ប្រសិនជា Leicester ធានាសុវត្ថិភាពទទួលបានកៅអីទៅលេងនៅក្របខណ្ឌ Champions Leagueរដូវកាលក្រោយ៕
ប្រភពព័ត៍មាន៖ Sportsmole
