ក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត បានសម្រេចនាំយកយកខ្សែប្រយុទ្ធនីហ្សេរីយ៉ា ដែលធ្លាប់លេងឱ្យក្លិបចំនួន៤ នៅលីគកំពូលកម្ពុជា 𝗔𝗱𝗲𝘆𝗮𝗻𝗷𝘂 𝗥𝗮𝘀𝗵𝗲𝗲𝗱 𝗢𝗺𝗼𝗸𝗮𝗳𝗲 មកជំនួសទីតាំងខ្សែប្រយុទ្ធឆ្នើម Abee Adjoo ដែលទើបត្រូវបានក្លិបមួយនេះ ផ្ទេរឱ្យទៅលេងនៅក្លិបបាល់ទាត់បឹងកេត ក្នុងតម្លៃខ្លួនលាក់ជិតមួយ។
ការនាំយកខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ Rasheed Omokafe មកត្រៀមចូលរួមជួយក្រុម ក្នុងការប្រកួតជើងទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១ របស់ក្លិបបាល់ទាត់អាស៊ីអឺរ៉ុប ត្រូវបានធ្វើឡើង កាលពីថ្ងៃអាទិត្យ ម្សិលមិញ គឺក្រោយពេលថ្ងៃ ដែលអាស៊ីអឺរ៉ុប បាននាំយកកីឡាករបរទេសចំណូលថ្មីម្នាក់ទៀត សម្រាប់ត្រៀមជួយក្រុមដែរ គឺកីឡាករ Manuel E Johnson។
ការចុះកុងត្រាជាមួយកីឡាករបរទេសទាំង២នាក់ខាងលើនេះ ជាពិសេសកីឡាករRasheed Omokafe គឺសម្រាប់ជំនួសទីតាំងខ្សែប្រយុទ្ធជនជាត់កាមេរូន Abee Adjoo ដែលទើបបានផ្ទេរទៅកាន់ក្លិបបឹងកេត កាលពីសប្តាហ៍មុន ព្រោះ Rasheed Omokafe មានបទពិសោធប្រកួតច្រើននៅលើទីលាន ហើយគេម្នាក់នេះ ក៏បានស្គាល់ពីស្ថានភាពប្រកួត នៅលីគកំពូលកម្ពុជា ច្បាស់ផងដែរ។
បើទោះបីជា Rasheed Omokafe ជាកីឡាករចំណូលថ្មីរបស់ក្លិបអាស៊ីអឺរ៉ុប ប៉ុន្តែខ្សែប្រយុទ្ធនីហ្សេរីយ៉ារូបនេះ ធ្លាប់បានប្រលោកក្នុងអាជីពបាល់ទាត់ នៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៥ នៅពេលរូបគេ បានចូលរួមជាមួយក្លិបបាល់ទាត់បៀលប្រាយយូណាធីត មុនពេលប្តូរទៅកាន់ក្លិបណាហ្គាវើលដ៍ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧។
ក្រោយបញ្ចប់កុងត្រាជាមួយណាហ្គាវើល Rasheed Omokafe បានបាត់មុខពីលីគកំពូលកម្ពុជាចំនួន៣រដូវកាល ខ្សែប្រយុទ្ធឆ្នើមរូបនេះ បានសម្រេចវិលកាន់ទឹកដីកម្ពុជាជាថ្មី ដោយមកលេងឱ្យក្លិបកងយោធពលខេមរភូមិន្ទ នៅឆ្នាំ២០២០ ហើយក្រោយការប្រកួតជើងទី១ បានបញ្ចប់ Rasheed Omokafe បានផ្លាស់ទៅលេងឱ្យក្រុមគិរីវង់សុខសែនជ័យ នៅជើងទី២ ខណៈពេលនេះ រូបគេបានក្លាយជាសមាជិកថ្មី នៅក្លិបអាស៊ីអឺរ៉ុប វិញម្តង៕