បរទេស៖ លោក Hajime Moriyasu គ្រូបង្វឹកនៃក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ជប៉ុន បាន​ជំ​រុញ​ឲ្យ​ក្រុម​របស់​លោក​បង្កើត​ភាពខ្លាំង​ពី​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធផល ២-១ លើ​ក្រុម​ជម្រើស​ជាតិ​អូ​ស្ត្រាលី ដើម្បី​​បង្កើត​ក្តី​សង្ឃឹម​ជាថ្មី​ក្នុង​​យុទ្ធនា​ការ​ជម្រុះ World Cup របស់​ពួក​គេ ខណៈ​ដែល Son Heung-min បាន​ស៊ុត​បាល់​បញ្ចូល​ទី​ឲ្យ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កូរ៉េ​ខា​ង​ត្បូង ក្នុង​ពេល​បញ្ចប់​ក្នុងលទ្ធផល​ស្មើ ១-១ ជាមួយនឹងក្រុម​ជម្រើស​ជាតិអ៊ី​រ៉ង់ កាលពីថ្ងៃ​អង្គារ​។

ក្រុម​ជម្រើស​ជាតិ​ជប៉ុន បាន​ឈាន​ទៅ​កាន់​ការ​ប្រកួត​ដ៏សំខាន់​លើ​ទឹកដីខ្លួន​ឯ ក្រោយ​ពី​ចាញ់​​២លើក​ក្នុង​ចំណោម​ការ​ប្រកួត​បើកឆាក​ទាំង​៣លើក​ដំបូង​របស់ពួក​គេ ក្នុង​ពូល B ប៉ុន្តែ ដណ្តើម​បាន​៣ពិន្ទុ​ដ៏សំខាន់ ក្រោយពី​ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​កីឡាករអូស្ត្រាលី Aziz Behich​។ ជប៉ុន នៅ​តែ​ដេញតាមពីក្រោយ​អូ​ស្ត្រាលី និង​អា​រ៉ាប៊ី​សា​អ៊ូឌីត ក្នុងការ​ប្រជែង​យកកៅអីឈ្នះ​សិទ្ធិ​ជា​ស្វ័យ​ប្រវត្តិ​២ ទៅកាន់​ព្រឹត្តិការណ៍ World Cup នៅ​ប្រទេស​កា​តា ឆ្នាំ​២០២២ ប៉ុន្តែ ជ័យ​ជម្នះ​នេះ បាន​ធ្វើ​ឲ្យ​ការ​ប្រកួតក្នុង​ពូល B កាន់​តែមាលក្ខណៈ​បើក​ចំហរ និង​ធ្វើ​ឲ្យ​ក្រុម​ភ្ញៀវ​បញ្ចប់​កំណត់ត្រា​ឈ្នះ​ជាប់​ៗ​គ្នា​ត្រឹម​១១​ប្រកយត ក្នុង​យុទ្ធនាការ​ជម្រុះ World Cup នេះ​។

ប៉ុន្តែ ការ​ប្រកួត​ក្នុង​ពូល A ពិត​ជា​ស្វិត​ស្វាញ ក្រោយពីតារាឆ្នើម Son Heung-min របស់​ក្លិប Tottenham បាន​ស៊ុត​បាល់បញ្ចូល​ទី​ឲ្យ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង នៅមុន​ពេល​ពួកគេ​បាន​របូត​គ្រាប់បាល់​តាម​ស្មើ​វិញ​នៅ​រយៈពេល​១៤នាទី​ចុងក្រោយ ពេល​ប្រកួត​​ជាមួយនឹងក្រុម​ជម្រើស​ជាតិអ៊ី​រ៉ង់​។ លោក Moriyasu គ្រូបង្វឹក​របស់​ជប៉ុន បាន​ឲ្យដឹង​ថា៖ «យើ​ង​នឹង​រក្សា​ការ​ប្រយុទ្ធ​រហូត​ដល់​ដំណាក់កាល​ចុងក្រោយ និងមិន​បាន​បោះ​បង់​ឡើយ​។ យើងប្តេជ្ញា​ចិត្ត​ថា នឹង​ធ្វើ​ដំណើរ​ទៅ World Cup ហើយ​យើង​បាន​បង្ហាញ​ពីភាពខ្លាំង​នោះនៅ​រាត្រីនេះ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia