បរទេស៖ ក្រុមបាល់ទាត់ជម្រើសជាតិដាណឺម៉ាក បានក្លាយជាក្រុមទី២ ដែលបានឈ្នះកៅអីទៅលេងក្នុងព្រឹត្តិការណ៍ World Cup ជុំផ្តាច់ព្រ័ត្រ នៅពេលដែលពួកគេបានផ្តួលក្រុមបាល់ទាត់ជម្រើសជាតិអូទ្រីស ក្នុងលទ្ធផល ១-០ កាលពីថ្ងៃអង្គារ ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានជួបការខកចិត្តក្រោមស្នាដៃក្រុមជម្រើសជាតិហុងគ្រី នាកីឡដ្ឋាន Wembley។
កីឡាករ Joakim Maehle បានស៊ុតបាល់បញ្ចូលទីនៅនាទី ទី៥៣ ដើម្បីជួយឲ្យក្រុមជម្រើសជាតិដាណឺម៉ាក ឈ្នះសិទ្ធិទៅប្រកួតនៅប្រទេសកាតា ខណៈដែលពួកគេបានបន្តបង្ហាញពីភាពខ្លាំងបន្ទាប់ពីព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ ដែលនៅពេលនោះពួកគេបានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ពួកគេបានចូលរួមជាមួយនឹងក្រុមជម្រើសជាតិអាល្លឺម៉ង់ ដែលបានឈ្នះសិទ្ធិកាលពីថ្ងៃចន្ទ ក្នុងជុំផ្តាច់ព្រ័ត្រ រួមជាមួយនឹងក្រុមម្ចាស់ផ្ទះកាតា ដែលបានឈ្នះកៅអីជាស្វ័យប្រវត្តិ។ ដោយឡែក ក្រុមជម្រើសជាតិអង់គ្លេស បានជួបការខកចិត្ត ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិហុងគ្រី បានធ្វើឲ្យពួកគេដណ្តើមបានត្រឹមក្នុងលទ្ធផលស្មើ ១-១។
ការប្រកួតនេះ ត្រូវបានរំខានដោយទិដ្ឋភាពដ៏អាក្រក់មើល នាកីឡដ្ឋាន Wembley ខណៈដែលអ្នកគាំទ្រហុងគ្រី បានប៉ះទង្គិចជាមួយនឹងក្រុមប៉ូលិស និងក្រុមការពារសណ្តាប់ធ្នាប់។ ក្រុមជម្រើសជាតិអង់គ្លេស នឹងឈ្នះកៅអីទៅលេងក្នុងព្រឹត្តិការណ៍ World Cup នៅឆ្នាំក្រោយ ប្រសិនបើពួកគេរកបាន៤ពិន្ទុពីការប្រកួតចុងក្រោយរបស់ពួកគេ ក្នុងពេលប៉ះក្រុមជម្រើសជាតិអាល់បានី និងសាំងម៉ារ៉ាំង នៅខែវិច្ឆិកា៕
ប្រភពព័ត៌មាន៖ Channel News Asia


