ក្រុមវិសាខា បានអះអាងថា ពួកគេ បានប្រឹងប្រែងខ្លាំងទៅលើការប្រមូលផ្តុំហ្វឹកហាត់ និងការគោរពវិន័យ គឺធ្វើយ៉ាងណា ត្រូវការពារតំណែងជើងឯករបស់ពួកគេ ឱ្យបាន សម្រាប់ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន (ថ្នាក់ជាតិ) លើកទី១៥ ឆ្នាំ២០២១ ដែលនឹងចាប់ដំណើរការប្រកួតវគ្គជម្រោះ១៦នាក់ចុងក្រោយ នៅរសៀលថ្ងៃអង្គារនេះ ចំណែកក្រុមណាហ្គាវើលដ៍ នឹងត្រូវជួបក្រុមនគរបាលជាតិ ដោយគ្មានស្ថាបនិក ធ្លាប់ជួយក្រុមនេះ ឱ្យឈ្នះពាន កាលពីឆ្នាំ២០១៣។

សម្រាប់ ការប្រេកួតបើកឆាក វគ្គ១៦ក្រុមថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១នេះ ក្រុមវិសាខា ត្រូវជួបក្រុមខេត្តបន្ទាយមានជ័យ ដែលបានលេខ៣ ពីការប្រកួតថ្នាក់ខេត្ត នៅកីឡដ្ឋានព្រីនស៍ របស់ខ្លួន នៅរសៀលម៉ោង ៣ ថ្ងៃអង្គារនេះ។
ជាមួយគ្នានេះ ក្រុមម្ចាស់ជើងឯក វិសាខា ដែលបានឈ្នះពាននេះ ចុងក្រោយគេ កាលពីឆ្នាំ២០២០ ហាក់មិនបានបង្ហាញការចាប់អារម្មណ៍ខ្លាំងទៅលើការជួបក្រុមខេត្ត ខេត្តបន្ទាយមានជ័យ ប៉ុន្មានទេ ព្រោះក្រុមនេះ ជឿថា នឹងអាចឆ្លងផុត ហើយ វិសាខា ថែមទាំងបានបង្ហាញការតាំងចិត្តថា នឹងត្រូវការពារតំណែងជើងឯករបស់ខ្លួនឱ្យបាន តាមរយៈការខិតខំប្រឹងប្រែងរួមគ្នា។

តាមរយៈក្លិបវិសាខា ផ្ទាល់ ខ្សែប្រយុទ្ធជាប្រធានក្រុម កែវ សុខផេង បាននិយាយថា៖ “ពួកខ្ញុំ បានរៀបចំក្រុម និងត្រៀមខ្លួនរួចរាល់ ដើម្បីការពារតំណែងជើងឯក ពានសម្តេចតេជោ ហ៊ុន សែន ឆ្នាំ នេះ ពោលគឺពួកយើង ខំប្រឹងខ្លាំងជាងមុនទៀត”។

ខ្សែប្រយុទ្ធជួរមុខរបស់ក្រុមវិសាខា រូបនេះ បានបន្ថែមទៀតថា៖ “ឆ្នាំមុន ទោះយើងបានពាន តែយើងនៅមានចំណុចខ្វះខាតមួយចំនួនដែរ អ៊ីចឹងឆ្នាំនេះ យើងមានការតាំងចិត្ត និងខំប្រឹងទ្វេដង ទាំងការប្រមូលផ្តុំហ្វឹកហាត់ និងវិន័យ គឺខ្លាំងជាងមុន ដើម្បីការពារតំណែងជើងឯករបស់យើង”។

ជាមួយគ្នា ក្រុមណាហ្គាវើលដ៍ ត្រូវជួបក្រុមនគរបាលជាតិ នៅស្តាតចាស់ នារសៀលម៉ោង៣ ថ្ងៃអង្គារនេះ ដូចគ្នា ហើយការជួបគ្នាលើកនេះ វាបានក្លាយជាពេលវេលាមួយ ដែលអ្នកទស្សនា មានការចាប់អារម្មណ៍ ថា តើ ណាហ្គាវើលដ៍ នឹងបន្តធ្វើបានល្អ ក្នុងពានមួយនេះ ដូចបណ្តាឆ្នាំមុនៗ ឬយ៉ាងណា? ខណៈគ្រូបង្វឹកធ្លាប់ដឹកនាំ ណាហ្គាវើលដ៍ ឱ្យឈ្នះពាននេះ បានម្តង កាលពីឆ្នាំ២០១៣ បានចែកផ្លូវជាមួយក្លិបមួយនេះ ទៅហើយនោះ។

បើទោះបីជា ក្រុមនគរបាលជាតិ មានកម្រិតលេងទាបជាង ណាហ្គាវើលដ៍ សម្រាប់ការប្រកួតនៅលីគកំពូលកម្ពុជា ដែលមានការចូលរួមពីកីឡាករបរទេស ប៉ុន្តែសម្រាប់ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ដែលកំណត់ឱ្យប្រើប្រាស់កីឡាករខ្មែរសុទ្ធនោះ គឺ ក្រុមនគរបាលជាតិ អាចនឹងមានលទ្ធភាពដៃជាមួយ ក្រុមណាហ្គាវើលដ៍ បាន ហេតុអ្វីៗ អាចនឹងកើតមានឡើង ខុសពីពេលមុនៗ ក៏ថាបាន ព្រោះគិតមកដល់ពេលនេះ ណាហ្គាវើលដ៍ ក៏នៅមិនទាន់បានប្រកាសគ្រូបង្វឹកថ្មី ជំនួសការចាកចេញរបស់លោក មាស ចាន់ណា នៅឡើយទេនោះដែរ ហើយកីឡាករមួយចំនួន ក៏នៅមានអារម្មណ៍មិនទាន់ល្អ សម្រាប់ការបាត់បង់គ្រូបង្គោល មាស ចាន់ណា ដែលពួកគេ ធ្លាប់រួមរស់ជាមួយគ្នា អស់រយៈពេលជាច្រើនឆ្នាំ នោះដែរ៕