បរទេស៖ ក្រុម​បាល់ទាត់​ជម្រើសជាតិ​អេ​ស្ប៉ាញ បាន​បោះ​ជំហាន​ដ៏ធំមួយ​ទៅកាន់​ព្រឹត្តិការណ៍ World Cup នៅឆ្នាំក្រោយ ក្នុង​ប្រទេស​កា​តា ខណៈ​ដែល​ការ​ដណ្តើម​បាន​ជ័យ​ជម្នះក្នុងលទ្ធផល ១-០ នៅលើ​ទឹកដីក្រុម​ជម្រើស​ជាតិក្រិក ស្រប​ពេល​ក្រុម​ជម្រើស​ជាតិស៊ុយ​​អែត ចាញ់ហ្ស៊ក​ហ្ស៊ី ដ៏មិននឹកស្មាន​ដល់ក្នុងលទ្ធផល ២-០ កាលពីថ្ងៃព្រហស្បតិ៍​បាន​ជួយ​ឲ្យ​ក្រុម​របស់​លោក Luis Enrique ស្ថិត​ក្នុង​ទី​តាំង​ដ៏​រឹងមាំក្នុងការ​ឈាន​ទៅ​វគ្គ​​បន្ត​។

គ្រាប់​បាល់​ប៉េណាល់ទី​របស់ Pablo Sarabia គ្រប់គ្រាន់សម្រាប់ក្រុម​អេ​ស្ប៉ាញ ក្នុង​ការ​ដណ្តើម​បាន​៣ពិន្ទុ​ពេញ​នៅ​ទីក្រុង Athens និង​នាំមុខ​១ពិន្ទុ​លើ​ក្រុម​ជម្រើស​ជាតិ​ស៊ុយ​អែត នៅមុន​ពេល​​ការ​ប្រកួត​កាត់​សេចក្តី​រវាងក្រុម​ទាំង​២ នៅទីក្រុង Seville កាលពីថ្ងៃ​អាទិត្យ​។

បើ​ទោះ​បី​មាន​វត្តមាន​ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic និង​តារាឆ្នើម​ទើប​តែ​រះ Alexander Isak នៅ​តំបន់​​ប្រយុទ្ធ​ក៏ដោយ ប៉ុន្តែ​ក្រុម​ជម្រើស​ជាតិ​ស៊ុយ​អែត បាន​ជួបការ​ខកចិត្ត​ដោយ​សារ​តែ​គ្រាប់បាល់​២គ្រាប់នៅ​តង់ទី​២ ពីកីឡាករ Khvicha Kvaratskhelia ក្នុង​ទីក្រុង Tblisi​។

ដោយឡែក ខ្សែ​ប្រយុទ្ធ Cristiano Ronaldo មិន​បាន​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ ដណ្តើម​បាន​៣ពិន្ទុ​ឡើយ ខណៈ​ដែល​ពួកគេ​បានប​ញ្ចប់​ក្នុងលទ្ធផល​ស្មើ ០-០ ជា​​​មួយនឹងក្រុម​ជម្រើស​ជាតិ​សា​ធារណៈ​រដ្ឋ​អៀរ​ឡង់ ក្នុង​ទីក្រុង Dublin បន្ទាប់​ពីខ្សែការពារ Pepe រង​ពិន័យ​កាតក្រហម​។ ជាមួយ​គ្នានេះ លោក Hansi Flick បានក្លាយ​ជា​គ្រូបង្វឹក​ដំបូង​ក្នុងការ​ឈ្នះ​ការ​ប្រកួត​ទាំង​៦លើកដំបូង​របស់លោក ក្នុងនាម​ជា​គ្រូបង្វឹក​របស់ក្រុម​ជម្រើស​ជាតិ​​អាល្លឺ​ម៉ង់ ខណៈ​ដែល​ក្រុម​របស់​លោក បាន​លត់ក្រុម​លិច​តិនស្តាញ​យ៉ាង​ចាស់​ដៃក្នុងលទ្ធផល ៩-០ ក្នុង​ការ​​ប្រកួត​ជម្រុះ World Cup​៕

ប្រភព​​ព័ត៌មាន៖ Channel News Asia