បរទេស៖ ក្រុម​ម្ចាស់​ជើង​ឯក​ពិភព​លោក បារាំង បាន​កក់កៅអី​របស់ពួកគេ ក្នុង​ព្រឹត្តិ​ការណ៍ World Cup នៅឆ្នាំក្រោយ ក្នុង​ប្រទេស​កា​​តា យ៉ាង​ងាយស្រួល ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Kylian Mbappe បាន​ស៊ុត​បាល់បញ្ចូល​ទី​៤​គ្រាប់ ក្នុង​ពេល​ក្រុម​ខ្លួន​​បាន​លត់​ក្រុម​ជម្រើស​ជាតិ​កាហ្សាក់ស្ថាន ក្នុងលទ្ធផល ៨-០ នា​កីឡដ្ឋាន Parc des Princes កាលពីថ្ងៃ​សៅរ៍​។

ខ្សែ​ប្រយុទ្ធ Karim Benzema បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ស្រប​ពេល​ដែល​គ្រាប់បាល់​បញ្ចូល​ទី​ក៏​បាន​កើត​ឡើង​ពី​កីឡាករ Adrien Rabiot និង Antoine Griezmann ផង​ដែរ ដោយ Griezmann រក​បាន​គ្រាប់បាល់​លើក​ទី​៤២​របស់គេ​សម្រាប់ក្រុម​ជម្រើស​ជាតិ​បារាំង ដើម្បី​​ឡើង​ឈ​រ​ពីលើ​កំណត់ត្រា​របស់​លោក Michel Platini។ មាន​តែ Thierry Henry (៥១​គ្រាប់) និង Olivier Giroud (៤៦គ្រាប់) ប៉ុណ្ណោះ ដែល​បាន​ស៊ុត​បាល់​ច្រើន​ជាង​គេ​សម្រាប់​ក្រុម​ជម្រើស​ជាតិបារាំង​។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បែលហ្ស៊ិក ក៏​បាន​ឈ្នះកៅអី​ទៅលេង​ក្នុង​ជុំ​ផ្តាច់​ព្រ័ត្រ​ផង​ដែរ ខណៈ​ដែលក្រុម​មាន​ចំណាត់ថ្នាក់លេខ​១ក្នុងពិភព​លោកមួយនេះ បាន​ផ្តួលក្រុម​ជម្រើស​ជាតិ​អេ​ស្តូនី ក្នុងលទ្ធផល ៣-១ ក្នុង​ទីក្រុង  Brussels ដើម្បី​បញ្ចប់ដោយ​ការ​ឈរលេខ​១ក្នុង​ពូល E ដោយឈរពីលើ​ក្រុម​ជម្រើស​ជាតិ​វេលស៍ ដែល​បានផ្តួល បេឡារុស្ស៊ី ៥-១​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia