ក្រុមអត្តពលិក កីឡាទោចក្រយាន ចំនួន២៥២ នាក់ មកពី ១៨ ក្លិប-សមាគម នៅទូទាំងប្រទេសកម្ពុជា បាននឹងកំពុង ធ្វើការប្រកួតប្រជែង នៃព្រឹត្តិការណ៍កីឡាទោចក្រយាន (ប្រណាំងកង់) ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ដើម្បីស្វែងរកជើងខ្លាំង ប្រចាំឆ្នាំ២០២១។
នៅមុនការប្រកួតប្រជែងគ្នានេះ ក្រុមអត្តពលិកទាំងអស់ បានជិះសាកល្បង និងតេស្តទីលាន នៅក្នុងទឹកដីខេត្តសៀមរាប រួចរាល់ហើយ កាលពីថ្ងៃអង្គារម្សិលមិញ ហើយព្រឹត្តិការណ៍ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលបានលើកមកធ្វើនៅឆ្នាំ២០២២ មួយនេះ ត្រូវបានមន្ត្រីជំនាញ អះអាងថា នឹងជួយបង្កើនទាំងទៅលើគុណភាពបច្ចេកទេសរបស់ក្រុមអត្តពលិក និងក្រុមមន្ត្រីបច្ចេកទេស ដើម្បីត្រៀមខ្លួនព្រមគ្នា ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣។
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០២២ ថា៖ «ថ្វីដ្បិតតែវិបត្តិជំងឺកូវីដ ១៩ បានធ្វើឱ្យការប្រកួតប្រជែងកម្រិតខ្ពស់មួយនេះ ពន្យារពេល ប៉ុន្តែវាមិនអាចផ្លាស់ប្តូរឆន្ទៈ និងគោលដៅនៃការរៀបចំនេះបានទេ ដោយសហព័ន្ធនៅតែពង្រឹងលើការផលិតធនធានកីឡាទោចក្រយាន ក៏ដូចជា ការអភិវឌ្ឍគុណភាពបច្ចេកទេសរបស់ក្រុមជម្រើសជាតិ ត្រៀមឆ្ពោះទៅប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាឱ្យទទួលបានជោគជ័យផងដែរ»។
លោកបានបន្តថា៖ «ការប្រកួតថ្នាក់ជាតិនេះ គឺអនុវត្តតាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ ដោយមានការឯកភាព និងណែនាំដ៏ខ្ពងខ្ពស់ពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធ ដែលបានដាក់ចេញ ក្នុងការពង្រឹងសមត្ថភាពគណៈកម្មការបច្ចេកទេស និងគណៈកម្មការរៀបចំការប្រកួត ក្នុងដំណើរឈានទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ក៏ដូចជាការប្រកួតកីឡាទោចក្រយានលើឆាកអន្តរជាតិផ្សេងៗទៀត»។
ក្រៅពីការប្រើប្រាស់កញ្ចប់ថវិកាជាតិ គឺការប្រកួតប្រណាំងកង់ថ្នាក់ជាតិ លើកនេះ សហព័ន្ធខ្មែរកីឡាទោចក្រយាន ទទួលបានការឧបត្ថម្ភច្រើនពីវិស័យឯកជន ដោយក្នុងនោះក្រុមហ៊ុន Herbalife បានឧបត្ថម្ភ ២០ ៧០០ ដុល្លារ, ស្រាបៀរហ្គេនស៍ប៊ឺគ ៨ ០០០ ដុល្លារ, ក្រុមហ៊ុនធានារ៉ាប់រង AIA Cambodia Insurance ចំនួន ៥ ០០០ ដុល្លារ, ក្រុមហ៊ុនទឹកពិសា Eragold Spring water ចំនួន ៣ ០០០ ដុល្លារ ហើយសណ្ឋាគារសុខាសៀមរាប ក៏បានបញ្ចុះតម្លៃ ៥០ ភាគរយ ក្នុងកម្មវិធីជប់លៀង ចំណែកក្រុមហ៊ុន Wonderpass បានជួយរៀបចំរចនាវេបសាយសហព័ន្ធ និងការចុះឈ្មោះអ្នកចូលរួម តាមប្រព័ន្ធអនឡាញ។
ជាមួយការទទួលបានការឧបត្ថម្ភយ៉ាងច្រើននេះ វានឹងធ្វើឱ្យការប្រកួតប្រជែងថ្នាក់ជាតិ លើកនេះ មានភាពស្វិតស្វាញកាន់តែខ្លាំង ហើយសកម្មភាពនេះ វានឹងជួយឱ្យសហព័ន្ធខ្មែរកីឡាទោចក្រយាន អាចជ្រើសរើសបានអត្តពលិក មានទេពកោសល្យ និងសមត្ថភាពដ៏ពិតប្រាកដ ដើម្បីដាក់បញ្ចូលឱ្យហ្វឹកហាត់ នៅក្នុងក្រុមជម្រើសជាតិ ប្រចាំឆ្នាំ២០២២នេះ។
លោក នូ ចំរើន បានបញ្ជាក់ថា៖ «សហព័ន្ធរបស់យើង កំពុងតែស្វែងរកធនធានកីឡាករ កីឡាការិនី ដែលមានសមត្ថភាព ដើម្បីដាក់បញ្ចូលក្នុងក្រុមជម្រើសជាតិ ហេតុនេះតាមរយៈការប្រកួតកម្រិតខ្ពស់ និងធំជាងគេប្រចាំឆ្នាំនេះ មន្ត្រីបច្ចេកទេសរបស់យើង នឹងអាចជ្រើសរើសបានអ្នកមានទេពកោសល្យ ដាក់បញ្ចូលក្នុងក្រុមជម្រើសជាតិ ដើម្បីត្រៀមទៅចូលរួមការប្រកួតស៊ីហ្គេមលើកទី៣១ នៅវៀតណាម ឆ្នាំ ២០២២ នេះ និងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ របស់កម្ពុជា នៅឆ្នាំ ២០២៣»៕