ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ទាំងទៅលើប្រភេទកង់ភ្នំ និងកង់គួក ដែលបានលើកទៅធ្វើ នៅលើទឹកដីខេត្តសៀមរាប កាលពីថ្ងៃពុធ ម្សិលមិញ បានបញ្ចប់ដោយជោគជ័យទាំងទៅលើលទ្ធផល ការរៀបចំ ហើយក៏គ្មានករណីរបួសធ្ងន់ បានកើតឡើងនោះដែរ។
ជាមួយគ្នានេះ មន្រ្តីជំនាញរបស់សហព័ន្ធខ្មែរកីឡាទោចក្រយាន បានអះអាងថា តាមរយៈការប្រកួតពេញមួយថ្ងៃនេះ ទាំងប្រភេទកីឡាកង់ភ្នំ និងកង់គួក គឺសុទ្ធតែបានធ្វើដំណើរមកដល់ទីផ្តាច់ព្រ័ត្រ មុនពេលកំណត់ គឺបានបំបែកឯតទគ្គកម្មថ្មីរៀងៗខ្លួន។
លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃព្រហស្បតិ៍ថា៖ «ឆ្លងកាត់ការប្រកួតប្រណាំងកង់ថ្នាក់ជាតិ លើកនេះ យើងឃើញថា ទាំងប្រភេទកង់គួក និងកង់ភ្នំ គឺកីឡាករ កីឡាការិនីរបស់យើងទាំងអស់ មានការរីកចម្រើនទាំងព្រមតែម្តង ព្រោះពួកគាត់ បានបំបែកឯតទគ្គកម្មនៃថិរវេលា ក្នុងការជិះមកដល់ទីផ្តាច់ព្រ័ត្រ ខ្លីជាងមុន»។
សម្រាប់ចំនួនអ្នកចូលរួមជាក់ស្តែង ក្នុងការប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិ កាលពីថ្ងៃពុធនោះ មានប្រតិភូ គ្រូបង្វឹក ចំនួន៤១នាក់ មន្ត្រីគណៈកម្មការរៀបចំចំនួន៧០នាក់ ព្រមទាំងកីឡាករ១៧៩នាក់ និងកីឡាការិនី១៩នាក់ មកពី៤១ក្លិប-សមាគម នៅទូទាំងប្រទេស។
ចំពោះលទ្ធផលជាផ្លូវវិញ សម្រាប់ប្រភេទកង់គួក គឺកង់គួកបុរសថ្នាល លេខ១បានទៅ ចេង ជេម ឯវិញ្ញាសាបុរសឈុតធំ លេខ១បានទីកីឡាករ លឹម តិចហ៊ុយ វិញ្ញាសាបុរស លេខ១ កីឡាករ អេង លីន។ ចំណែកកង់ភ្នំវិញ វិញ្ញាសាកង់ភ្នំ (Man Master) លេខ១ កីឡាករ Vasco Ramsperger, កង់ភ្នំបុរស (Elite) លេខ១ កីឡាករ ឃឹម ម៉េងឡុង, កង់ភ្នំថ្នាល (Man Junior) លេខ១ កីឡាករ ធីម លីម៉េង និងវិញ្ញាសា កង់ភ្នំនារី លេខ១ បានទៅ ខេន ម៉ាឡៃ។
ចំណែកលោក កឹម សុខុន រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានថ្លែងក្នុងពិធីបិទការប្រកួត និងពិធីបំពាក់មេដាយថា លោកពិតជារីករាយ និងកោតសរសើរ ចំពោះការចូលរួមប្រកួតប្រជែងអស់ពីសមត្ថភាពរបស់កីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេស ដែលខិតខំអស់ពីសមត្ថភាព ដើម្បីជំរុញឱ្យការប្រកួតជើងឯកថ្នាក់ជាតិ ទទួលបានជោគជ័យ ដើម្បីបន្តការអភិវឌ្ឍទាំងគុណភាព បច្ចេកទេសរបស់អត្តពលិក និងមន្ត្រីបច្ចេកទេស ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង នៅកម្ពុជា ដែលយើងនៅសល់រយៈពេលត្រឹមជាង ៤០០ថ្ងៃទៀតប៉ុណ្ណោះ៕