ខ្សែ​ប្រយុទ្ធ​ពាក់​លេខ​២៩ ពឿន គន្ធា នៅតែ​អាច​ផ្តល់​ស្នាមញញឹម​យ៉ាង​ស្រស់ ដល់​ក្រុម​នារី​ភ្នំពេញ​ក្រោន បន្ទាប់ពី​កីឡាការិនី​រូបនេះ រក​បាន​២​គ្រាប់តែ​ម្នាក់ឯង ដើម្បី​ជួយ​ឱ្យក្រុម​របស់​ខ្លួន បាន​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ សៀម​រាប ក្នុង​ការ​ប្រកួត​បាល់​ទាត់​ជម្រើស​ជើង​ឯក​បាល់​ទាត់​នារី ឆ្នាំ​២០២១ កាលពី​ថ្ងៃអាទិត្យ  ចំណែក​ក្រុម​ម្ចាស់​ជើង​ឯក​ ណាហ្គាវើលដ៍កំពង់ស្ពឺ និង​ព្រះខ័នរាជស្វាយរៀង សុទ្ធតែ​ដណ្តើម​បាន​៣ពិន្ទុដូចគ្នា។

តាម​រយៈ​ការ​ប្រកួត​ កាលពី​ម្សិលមិញ​នេះ ក្រុម​នារី​ភ្នំពេញ​ក្រោន និងសៀម​រាប ដែល​សុទ្ធតែ​មិន​ធ្លាប់ស្គាល់ការ​ចាញ់​ដូចគ្នា​នោះ បាន​ប្រកួត​គ្នា​យ៉ាងស្វិតស្វាញបំផុត ព្រោះ​ក្រុមទាំង​២​នេះ សុទ្ធតែ​ត្រូវការ​ឈ្នះ ដើម្បី​ឡើង​ទៅ​ឈរ​នៅលេខ​១ ប៉ុន្តែ​ការ​រក​បាន​២​គ្រាប់​ជាប់ៗ​គ្នា​របស់​ខ្សែ​ប្រយុទ្ធ ពឿន គន្ធា នៅនាទីទី​១៦ និងទី​៨៦ បាន​ជួយ​ឱ្យ ភ្នំពេញ​ក្រោន បាន​យក​ឈ្នះ​លើ​​ក្រុម​ម្ចាស់​ផ្ទះ សៀម​រាប ២-១។

ការ​រកបាន​គ្រាប់បាល់​ទី​៦ និងទី​៧ ប្រចាំព្រឹត្តិការណ៍​នេះ​របស់ ពឿន គន្ធា វា​មិន​ត្រឹមតែ​បាន​ជួយ​ឱ្យ ក្រុម​នារី​ភ្នំពេញ​ក្រោន បន្តឈរ​នៅលេខ​១ ជាមួយ​ការ​ឈ្នះ​ទាំង​៥​ប្រកួត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​ឈ្នះ​បាន​៣​ពិន្ទុ​បន្ថែម​នេះ ​វា​បាន​ជួយឱ្យក្រុម​ភ្នំពេញ​ក្រោន សម្រេច​គោល​របស់​ខ្លួន​ផងដែរ ដើម្បី​បង្កើន​ភាគ​រយកាន់​តែ​ខ្ពស់ ក្នុងការ​ឈាន​ទៅរក​ការ​ឈ្នះ​បាន​តំណែង​ជើង​ឯក នា​រដូវកាលនេះ។

ជាមួយ​ក្រុមនេះ​ក្រុម​ម្ចាស់​ជើង​ឯក ណាហ្គាវើលដ៍​កំពង់ស្ពឺ ដែល​ទើបបានចាញ់​ក្រុម​ភ្នំពេញ​ក្រោន ២-០ កាលពី​សប្តាហ៍មុន​នោះ បាន​យក​ឈ្នះ​លើ​ក្រុមមន្ទីរអយក​ខេត្ត​បាត់ដំបង ៦-០ កាលពី​ថ្ងៃអាទិត្យ​នោះ​ដែរ ដើម្បី​ឡើង​ទៅ​ឈរ​នៅលេខ​២​វិញ ដោយមាន​១២ពិន្ទុ​ស្មើ​ជាមួយ​ក្រុម​ទើប​ធ្លាក់មក​លេខ​៣ សៀម​រាប។

ចំណែក​ក្រុមជើង​ឯក​ស្ទួន ព្រះខ័នរាជស្វាយរៀង បាន​រក​ឃើញ​ជ័យជម្នះ​ជា​លើកទី​២ បន្ទាប់​ទៅលើ​ការ​ឈ្នះ​១ និងចាញ់​៣​លើក​កន្លងមកនេះ បន្ទាប់ពី​ពួកគេ​ បាន​យក​ឈ្នះក្រុមម្ចាស់​ផ្ទះ បឹងកេត ៦-០ រីឯ​ក្រុម​មន្ទីរ​អយក​ខេត្តកំពង់ឆ្នាំង ដែល​ញ៉ាំញី​ដោយការ​បរាជ័យ​នោះ បាន​រក​ឃើញការ​ឈ្នះ​ជា​លើក​ដំបូង​របស់​ខ្លួន​ហើយ ក្រោយពេលពួកគេ បាន​យក​ឈ្នះក្រុម​មន្ទីរ​អយក​ខេត្ត​កណ្តាល ៧-៣ កាលពី​ថ្ងៃអាទិត្យ នោះ​ដែរ៕​