បរទេស៖ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានចូលរួមជាមួយនឹងក្លិប Barcelona ដោយគ្មានតម្លៃខ្លួន ក្រោយពីចាកចេញពីក្លិប Arsenal ខណៈដែលការផ្ទេរនេះ នឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃអង្គារនេះ។
តារាឆ្នើមអន្តរជាតិហ្គាបុងវ័យ៣២ឆ្នាំរូបនេះ បានបំពេញការផ្ទេររបស់គេ កាលពីល្ងាចថ្ងៃចន្ទ។ Aubameyang មិនធ្លាប់បានលេងឲ្យក្លិបកាំភ្លើងធំសោះ បើគិតចាប់តាំងពីប្រព្រឹត្តល្មើសនឹងវិន័យ កាលពីខែធ្នូ ប៉ុន្តែ បានស៊ុតបាល់បញ្ចូលទី៩២គ្រាប់ ក្នុងការប្រកួត១៦៣លើក មុននឹងការរងពិន័យនោះ។ ក្លិប Barcelona បានព្រួយបារម្ភថា ការផ្ទេរនេះ ទទួលបរាជ័យ នៅថ្ងៃចុងក្រោយនៃការដោះដូរកីឡាករ បើទោះបី Aubameyang បានធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ ក៏ដោយ។ កីឡាកររូបនេះ ក៏ត្រូវបានទាក់ទងជាមួយនឹងការផ្ទេរទៅកាន់ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr ផងដែរ។
ការចាកចេញរបស់អតីតប្រធានក្រុមនៃក្រុម Arsenal រូបនេះ នឹងជួយឲ្យ Arsenal ដែលបានទិញរូបគេក្នុងតម្លៃខ្លួន៥៦លានផោន (ស្មើនឹង៧៥លានដុល្លារអាមេរិក) ពីក្លិប Borussia Dortmund ក្នុងឆ្នាំ២០១៨ សន្សំបានប្រាក់១៥លានផោន ទៅលើប្រាក់ខែ៕
ប្រភពព័ត៌មាន៖ BBC