ម្ចាស់មេដាយសរឹទ្ធស៊ីហ្គេម​២សម័យ​កាល វ៉ាន់ វឿន បាន​កំពុង​តែ​បញ្ឆះឱ្យមាន​ឆាក​ប្រយុទ្ធ​កាន់តែ​ក្តៅខ្លាំង នៅពេល​រូបគេ​ត្រូវ​វិលមកជួប​កីឡាករ​វ័យក្មេង​កំពុង​ឡើង​ជើងខ្លាំង សូត្រ វាសនា នៅ​ក្នុង​ការ​ប្រកួត​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ដណ្តើម​ពាន​មាស លើសង្វៀន​ថោន នាព្រឹក​ថ្ងៃអាទិត្យ​នេះ។

អ្នក​លេងកាំភ្លើង​ភ្លោះ វ៉ាន់ វឿន បាន​ទទួលស្គាល់​ថា សូត្រ វាសនា នៅពេលនេះ មិនដូចជា សូត្រ វាសនា ដែល​រូបគេ​បានឈ្នះ កាលពី២ ទៅ៣​ឆ្នាំ​មុន ដោយគេ​កំពុង​មាន​សមត្ថភាព​ខ្លាំង ប៉ុន្តែ​កីឡាករ​ជាក្មេងកំព្រា វ៉ាន់ វឿន មានការ​ជឿជាក់ខ្លាំង ទៅលើសមត្ថភាព​ខ្លួន​ឯង។

«សម្រាប់​ការ​ជួប​គ្នា កាលពី​២ ទៅ​៣​ឆ្នាំ​មុន ខ្ញុំ​ធ្លាប់​ឈ្នះ​គាត់​២​ដង​ហើយ ប៉ុន្តែ​ឥឡូវ​សមត្ថភាព​គាត់​កើន​ឡើង អាច​នឹង​ពិបាក​សម្រាប់​ខ្ញុំ​ខ្លះ តែ​ខ្ញុំ​​ជឿជាក់​លើ​សមត្ថភាព​ខ្លួន​ឯង ហើយ​ខ្ញុំ​ប្តេជ្ញា​ថា នឹង​ខំប្រឹង​ឱ្យ​អស់​ពី​សមត្ថភាព ដើម្បី​ឈាន​ទៅវគ្គ​ផ្តាច់​ព្រ័ត្រ​ឱ្យ​បាន»។ វ៉ាន់ វឿន បាន​បង្ហាញ​ការ​តាំង​ចិត្ត​សម្រាប់​ការ​ជួប សូត្រ វាសនា នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ។

តាម​រយៈការ​ប្រកួត​ជម្រុះ​តាម​ពូល​A កន្លង​មក​នេះ សូត្រ វាសនា ពិត​ជា​ធ្វើ​យ៉ាង​ល្អ ដោយ​រូបគេ បាន​ផ្តួល ជ័រ ពៅ ឱ្យ​សន្លប់​ត្រឹម​ទឹក​ទី​១ រួច​បន្ត​ផ្តួល ម៉ន សាម៉េត នៅ​ទឹក​ទី​៣ និង​បាន​​យក​ឈ្នះ វេង សុភ័ក្រ ដោយពិន្ទុ ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ហើយ​នៅ​ក្រោយ​ការ​រក​ឃើញជ័យជម្នះ​ទាំង​៣​ប្រកួត​នោះ សូត្រ វាសនា បានអះអាង​ថា ការ​រក​ឃើញ​ជ័យជម្នះ​ដ៏សំខាន់​នេះ វាកើត​ចេញពីការ​ខិតខំប្រឹងរបស់រូបគេ​ផ្ទាល់ ដើម្បីគេច​ចេញពីការ​រិះគន់ ដែល​ថា រូបគេ​ជា​កីឡាករខ្សោយ។

​«តាំងពេលខ្ញុំ មានឈ្មោះ​បាន​ចូល​រួមប្រកួតពាននេះ ខ្ញុំ​បាន​ព្យាយាមហ្វឹក​ហាត់​ខ្លាំង​ណាស់ គឺ​ខំហាត់ គ្មានបានទៅណា​ទេ ព្រោះ​ខ្ញុំ​​មាន​​​បំណង​​ប្រាថ្នា​ ​ចង់បាន​ពាន​មាស​នេះ តែ​យើង​នៅ​មិន​​ទាន់​អាច​ប៉ាន់​ស្មាន​​បានទេ ​  មានតែ​ខំប្រឹង​បន្ត​ទៅ​មុខ​ទៀត»។ នេះជា​ការ​បញ្ជាក់​របស់ សូត្រ វាសនា ប៉ុន្តែ​កីឡាករ​រូប​នេះ នៅតែជំរុញខ្លួន​ឯង ត្រូវ​ខំប្រឹង​ឱ្យបាន​ខ្លាំង​ថែម​ទៀត​ជាមួយ​ការពោលពាក្យបែប​ដាក់​ខ្លួន​ថា៖ «​នៅក្នុងចំណោម​បេក្ខភាព​ទាំង​នេះ ខ្ញុំមានកម្រិត​សមត្ថ​ភាព នៅទាបជាងគេ អ៊ីចឹង​យើង​មានតែខំប្រឹង​ឱ្យបានខ្លាំងថែម​ទៀត»។

យ៉ាងណាក៏​ដោយ ជុំវិញ​ការ​បង្ហាញ​មហិច្ឆតា ​ចង់​ឈ្នះ​ពាន​មាស​របស់ សូត្រ វាសនា នេះ វ៉ាន់ វឿន បាន​បញ្ជាក់​ថា​៖​ «គាត់​ល្អ​ផ្លែ ហើយ​គាត់​វ៉ៃ​ឆ្លាត ដោយ​ភាគ​ច្រើន​ធាក់​ដក ថយ​ទាត់ ហើយ​គាត់​ខ្ពស់​ទៀត អ៊ីចឹង​កីឡាករ​ដែល​ទាប​ជាង​គាត់ គឺ​ពិបាក ក្នុង​ការ​យក​ជ័យជម្នះ​លើ​គាត់​។ តែ​ទោះ​បីជា​យ៉ាងណា បើ​សិនជា សូត្រ វាសនា គាត់​ចង់​បាន​ពាន​មាស ឱ្យ​គាត់​រំលង​ខ្ញុំ​ឱ្យ​បាន​សិន​ទៅ»៕