ក្រុមនារីភ្នំពេញក្រោន នៅតែអាចរក្សាបាននូវកំណត់ត្រាដ៏ល្អបំផុត ក្នុងនាមជាក្រុម ដែលបានឈ្នះគ្រប់ការប្រកួតទាំងអស់ ហើយជាមួយគ្នានេះ ខ្សែប្រយុទ្ធជាប្រធានក្រុម បាន ជាវៃ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ថា នាងអាចនឹងឈ្នះបានស្បែកជើងមាស សម្រាប់ការប្រកួតជម្រើសជើងឯកបាល់ទាត់នារី ឆ្នាំ២០២១ ដែលកំពុងដំណើរការ នៅពេលនេះ។
តាមរយៈការប្រកួតជុំទី២ ប្រចាំសប្តាហ៍ទី១០ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ក្រុមភ្នំពេញក្រោន បានបន្តលត់ក្រុមម្ចាស់ផ្ទះ មន្ទីរអយកខេត្តកំពង់ឆ្នាំង រហូតដល់ ១៥-០ ដើម្បីរក្សាកំណត់ត្រាឈ្នះជាប់ៗគ្នាជាលើកទី១០ ហើយការមាន៣០ពិន្ទុពេញនេះ វាបានបង្ហាញដែរថា ក្រុមនារីរបស់សិង្ហក្រហម មួយនេះ នឹងអាចឈានទៅរកការឈ្នះបានពាន ជាលើកដំបូង នៅរដូវកាលនេះបាន។
ជាមួយការឈ្នះ ១៥-០ នេះ ខ្សែប្រយុទ្ធជាប្រធានក្រុមពាក់លេខ១១ បាន ជាវៃ នៅតែជាបេក្ខភាព ដែលមានភាពលេចធ្លោរជាងគេ ក្នុងការរកបានគ្រាប់បាល់ ដោយនាងរកបានរហូតដល់៥គ្រាប់តែម្នាក់ឯង បន្ថែមទៅលើការរកបានគ្រាប់បាល់សរុបចំនួន២២ ដែលរកបាន នៅក្នុងការប្រកួត ចំនួន៩លើកកន្លងមក។
ការមានគ្រាប់បាល់សរុបចំនួន២៧គ្រាប់នេះ វាសឹងតែអាចបង្ហាញឱ្យឃើញទៅហើយថា បាន ជាវៃ និងអាចក្លាយជាម្ចាស់ស្បែកជើងមាស សម្រាប់ការប្រកួត នៅរដូវកាលនេះ ព្រោះគ្រាប់បាល់នេះ វាដាច់ឆ្ងាយពីកីឡាការិនីផ្សេងៗទៀត ក្នុងនាមរាប់ទាំងអ្នករកបានគ្រាប់បាល់ បានច្រើនជាងគេ កាលពីរដូវកាលមុន យ៉ុន យ៉ើន របស់ក្រុមណាហ្គាវើលដ៍កំពុងស្ពឺ ផងដែរ។
សម្រាប់ការប្រកួត កាលពីថ្ងៃអាទិត្យនោះដែរ ក្រុមណាហ្គាវើលដ៍កំពង់ស្ពឺ បានបន្តយកឈ្នះក្រុមមន្ទីរអយកខេត្តកំណ្តាល ៨-០ ដើម្បីបន្តឈរនៅលេខរៀងទី២ ដោយមានពិន្ទុតិចជាង ក្រុមភ្នំពេញក្រោន ៦ពិន្ទុដដែល រីឯក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមនារីសៀមរាប ២-១ ហើយក្រុមម្ចាស់ផ្ទះ បឹងកេត បានយកឈ្នះក្រុមខេត្តបាត់ដំបង ១២-២៕