កីឡាករ​ជម្រើសជាតិ​ឃីកបុកស៊ីង ឈុត សេរីវ៉ាន់ថង បាន​អះអាង​ថា ការ​អាច​ផ្តួល​ជើង​ខ្លាំង សូត្រ វាសនា ដើម្បី​ឈ្នះ​ពាន​មាស នៅលើ​សង្វៀន​ថោន កាលពី​ថ្ងៃអាទិត្យ វា​​បាន​កើតមាន​ឡើង ដោយ​រូបគេ​ទទួលបានកម្លាំង​ចិត្ត ពីការ​លើក​ទឹក​ចិត្ត​របស់​គាំ​ទ្រ ដែល​ជំរុញ​ឱ្យ​ វ៉ាន់ថង ត្រូវ​តែ​​ខំប្រុង យកពាន​មាស​នេះ​ឱ្យបាន  ដើម្បី​ជូន​ដល់វិញ្ញាណក្ខន្ធ​លោក​តា​របស់ខ្លួន ដែល​ទើប​បាន​ទទួល​មរណភាព នៅមុន​ការ​ប្រកួត​មួយ​ថ្ងៃ។

ឈុត សេរីវ៉ាន់ថង បានសារភាព​ថា បន្ទាប់ពី​បាន​ទទួល​ដំណឹង​នៃការស្លាប់​របស់លោក​តារបស់​ខ្លួន គឺរូបគេ គ្មានកម្លាំង នឹង​ប្រកួត​ផ្តាច់​ព្រ័ត្រជាមួយ សូត្រ វាសនា នោះទេ ប៉ុន្តែ​សារ​លើក​​ទឹក​ចិត្ត​ពី​អ្នកគាំទ្រ បាន​ធ្វើ​ឱ្យ​រូបគេ មានទឹក​ចិត្ត​ឡើង​ប្រកួតវិញ ហើយ​ថែម​ទាំង​បាន​ផ្តួល សូត្រ វាសនា នៅទឹក​ទី​៤ ទៀត​ផង។

«ការឈ្នះ​ពាន​នេះ ខ្ញុំមានអារម្មណ៍សប្បាយ​ចិត្ត ហើយ​ក៏មានអារម្មណ៍សោកសៅ ផង​ដែរ ព្រោះ​ថ្ងៃ ​ដែល​ខ្ញុំ​បានពានមាស​នេះ ប៉ុន្តែក៏ជា​ថ្ងៃ ដែល​លោកតា​របស់ខ្ញុំ បាន​បាត់បង់ជីវិត»។ នេះជា​សម្តី​របស់ ឈុត សេរីវ៉ាន់ថង បាន​និយាយ នៅក្រោយ​ការ​ផ្តួល សូត្រ វាសនា ឱ្យ​សន្លប់ ខណៈ​ការ​ប្រកួត​​នេះ វ៉ាន់ថង ក៏​ត្រូវ សូត្រ វាសនា វ៉ៃ​កែងបណ្តាល​ឱ្យ​បែក បន្សល់​ទឹក​ស្នាម​ដេរ​អស់​ចំនួន​៨​ថ្នេរ​ផងដែរ។

វ៉ាន់ថង បាន​បន្ថែម​ថា៖ «កាលពី​ដំបូង នៅមុនការ​ប្រកួត ខ្ញុំ​គ្មាន​អារម្មណ៍​ប្រកួតនោះ​ទេ ដោយ​សារ លោក​តា ទទួល​មរណ​ភាព  អ៊ីចឹងហើយ​ធ្វើ​ឱ្យខ្ញុំ​ខូច​ចិត្តខ្លាំង​មែនទែន ប៉ុន្តែ​ដោយ​សារ​ឃើញ​បង​ប្អូន​ផុស​រូប លើក​ទឹក​ចិត្ត​ឱ្យ​ខំ​ប្រឹង​ឡើង ស៊ូ វ៉ៃ​ដើម្បី​លើក​ពានយក​ទៅ​ជូន​លោត​តា ដែលបានចែក​ឋានទៅ ហេតុ​នេះ​ហើយ ទើប​ធ្វើ​ឱ្យខ្ញុំ មាន​កម្លាំង​ចិត្ត ធ្វើ​ដំណើរ​មក​ប្រកួត នៅ​ស្ថានីយទូរទស្សន៍ថោន  ដោយមាន​កម្លាំង​ចិត្ត ចង់​ឈ្នះ ចង់បាន​ពាន និងខំប្រឹង​ទៅមុខ​ទៀត»។

តាម​រយៈការ​ប្រកួត កាលពី​ថ្ងៃអាទិត្យ​នោះ ឈុត សេរីវ៉ាន់ថង បាន​វ៉ៃ សូត្រ វាសនា ឱ្យ​លោក​អាជ្ញាកណ្តាល​រាប់ តាំងពីទឹកទី​១ ដោយការ​វាយ​កែង​ឱ្យដួល នៅពាក់​កណ្តាល​ទឹក ហើយ​នឹង​បន្តទាត់ និងម៉ាត់​ឱ្យ​រាប់ចំនួន​២​ដង​ទៀត នៅក្នុងទឹកទី​២ តែ​ក៏ពេល​ដែល វាសនា វាយ​កែង បណ្តាល​ឱ្យ​ វ៉ាន់ថង បែកនៅ​លើ​ចិញ្ចឹម​ខាងស្តាំ ហូរ​ឈាម​ស្រោចពេញ​ខ្លួន​ផងដែរ។

យ៉ាងណា​ក៏ដោយ ការ​វាយ​ប្តូរកែង​គ្នា ​នៅទឹកទី​៤ ឈុត សេរីវ៉ាន់ថង បានវាយកែង​ខ្លី ចូល​ពេញៗ រួច​ម៉ាត់ស្តាំ​មួយដៃ​ថែមចំថ្គោលបណ្តាល​ឱ្យ សូត្រ វាសនា ដួលសន្លប់​ស្នូកស្តឹង នាំ​ឱ្យ​អាជ្ញាកណ្តាល សម្រេច​បញ្ឈប់ការ​ប្រកួត​តែម្តង នៅក្រោយ​ការ​បញ្ឈប់នោះ វាសនា បានដឹង​ខ្លួន​វិញ រួច​ការ​បង្ហាញការមិនអស់ចិត្ត ទៅនឹងការ​សម្រេច​របស់លោកអាជ្ញាកណ្តាល។

ចំពោះ​ហេតុការ​ណ៍​នេះ សូត្រ វាសនា បា​ននិយាយ​ក្រោយ​ការ​ប្រកួត​ថា៖ ​«ខ្ញុំ​មាន​អារម្មណ៍​អន់ចិត្ត (ចំពោះ​អាជ្ញាកណ្តាល) មិនត្រូវ​បញ្ឈប់ខ្ញុំ​នោះ​ទេ។ គាត់ត្រូវ​រាប់​ទៅ​លើ​ខ្ញុំ ដល់​៦ ឬ៧ អីទៅ តែ​នេះ​ទើប​រាប់បាន​៣ ក៏​បញ្ឈប់​ខ្ញុំ ទាំង​ខ្ញុំ​អាច​ងើប​ឡើងវិញ​បាន គឺ​ខ្ញុំ​ដួល​ហើយ​ងើប​​ឡើង​វិញ ព្រោះ​ខ្ញុំ​មិន​គាំង​​នោះ​ទេ តែ​នៅពេល​គាត់វ៉ៃ​ចំថ្គាម​ខ្ញុំ​នោះ ខ្ញុំ​ក៏​ខំអណ្តាត​ខ្លួនឯង​មួយ​ភ្លែត រួច​ក៏​ខំក្រោក​ឈរ​វិញ តែ​ធ្វើ​ម៉េច​បើ​អាជ្ញាកណ្តាល បានបញ្ឈប់ខ្ញុំ ទៅ​ហើយ»៕