អ្នកចាំទី Claudio Bravo របស់ Manchester City បានក្លាយជាវីរបុរសរបស់ក្រុមកំពុងនាំមុខរបស់ក្របខ័ណ្ឌ Premier League មួយនេះ ខណៈដែលពួកគេបានផ្តួលក្រុមកំពុងនាំមុខលើតារាងក្របខ័ណ្ឌ Championship គឺ Wolves ដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី ដើម្បីកក់កៅអីរបស់ពួកគេក្នុងវគ្គ ៨ ក្រុមចុងក្រោយនៃពាន League Cup កាលពីថ្ងៃអង្គារ។ បើទោះបីក្រុមទាំងពីរសុទ្ធសឹងបានបង្កើតឱកាសដូចគ្នានៅជិតបញ្ចប់ការប្រកួតដូចគ្នា ក៏ដោយ ប៉ុន្តែ ការប្រកួតនៅកីឡដ្ឋាន Etihad នៅតែបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ក្រោយពីរយៈពេល ៣០នាទីនៃនាទីបន្ថែម ១៥នាទីពីរដង ដែលនាំឲ្យឈានដល់ការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីតែម្តង។

Bravo ដែលបានរងនូវការរិះគន់ ក្រោយពីបានបង្ហាញពីទម្រង់មិនល្អកាលពីរដូវកាលមុន និងបានធ្វើការបង្ហាញខ្លួនត្រឹមតែ៣លើកក្នុងយុទ្ធនាការនេះ បានសង្គ្រោះបាល់ប៉េណាល់ពីរលើកជាប់ៗគ្នាពីការស៊ុតរបស់ Alfred N’Diaye និង Conor Coady ពីចំណុច១១ម៉ែត្រ។ ខ្សែប្រយុទ្ធ Sergio Aguero ដែលត្រូវការគ្រាប់បាល់តែ១គ្រាប់ទៀតដើម្បីក្លាយជាអ្នករកគ្រាប់បាល់ច្រើនជាងគេរបស់ Man City នោះ បានជួយឲ្យក្រុមខ្លួនទទួលជ័យជម្នះក្នុងលទ្ធផល ៤-១ ក្នុងការស៊ុតបាល់ប៉េណាល់ទីនេះ។

ដោយឡែក ក្រុម Arsenal ដែលបានធ្វើការផ្លាស់ប្តូរក្រុមរបស់ខ្លួនទាំងមូលពីជម្រើសទាំង ១១នាក់ដែលបានផ្តួលក្រុម Everton ៥-២ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីចុងសប្តាហ៍មុននោះ ស្ទើរតែចាញ់ក្រុម Norwich City នាកីឡដ្ឋាន Emirates ទៅហើយ មុននឹងវាយបកដើម្បីតាមស្មើវិញ និងឈ្នះនៅនាទីបន្ថែម១៥នាទីពីរដងក្នុងលទ្ធផល ២-១។ ស្របពេលជាមួយគ្នានេះ កីឡាករ Jesse Lingard បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ ខណៈដែលក្រុមម្ចាស់ការពារតំណែងជើងឯក Manchester United បានផ្តួលក្រុម Swansea ២-០ ដើម្បីស្តារមុខមាត់ឡើងវិញពីការចាញ់ក្រុម Huddersfield កាលពីចុងសប្តាហ៍មុន៕

កែសម្រួលដោយ៖ Usportkh
ប្រភព៖ Channel News Asia