សិង្ហបុរី: កីឡាការិនីយុទ្ធគុនចម្រុះ Angela Lee និងម្ចាស់ខ្សែក្រវាត់ពិភពលោក ២ ប្រភេទទម្ងន់ផ្សេងគ្នា Martin “The Situ-Asian” Nguyen នឹងត្រូវឡើងការពារខ្សែក្រវាត់របស់ពួកគេរៀងៗខ្លួនក្នុងការប្រកួតវាយដាក់ទ្រុងនៃព្រឹត្តិការណ៍ ONE: Unstoppable Dreams នៅពាក់កណ្តាលខែក្រោយនេះ។
ម្ចាស់ខ្សែក្រវាត់ពិភពលោករបស់ ONE ទម្ងន់ ៥២,២ គីឡូក្រាម Lee នឹងត្រូវធ្វើការការពារខ្សែក្រវាត់របស់ខ្លួន នៅពេលដែលប្រកួតជាមួយនឹងកីឡាការិនីជើងចាស់សញ្ជាតិជប៉ុន Mei “V.V” Yamaguchi ក្នុងការប្រកួតសងសឹកមួយ នាថ្ងៃទី ១៨ ខែឧសភា នៅលើសង្វៀន Singapore Indoor Stadium។
កីឡាការិនីសញ្ជាតិសិង្ហបុរី Lee វ័យ ២១ ឆ្នាំ ត្រូវបានចាត់ទុកថា ជាកីឡាការិនីម្នាក់ក្នុងចំណោមកីឡាការិនីដ៏ឆ្នើមបំផុតរបស់អង្គភាព ONE Championship។
នាងបានឈ្នះខ្សែក្រវាត់ពិភពលោករបស់ ONE ក្នុងទម្ងន់ ៥២,២ គីឡូក្រាមនេះ ក្រោយពីបានយកឈ្នះលើ Mei Yamaguchi កាលពីឆ្នាំ ២០១៦ ហើយចាប់តាងពីពេលនោះមក នាងបានការពារខ្សែក្រវាត់របស់នាង ២ លើកយ៉ាងជោគជ័យ។
កីឡាការិនីរូបនេះ មានកំណត់ត្រាប្រកួតក្នុងអាជីពដ៏គួរឲ្យកត់សម្គាល់ ក្រោយពីដណ្តើមបានជ័យជម្នះ ៨ លើកពីការប្រកួតទាំង ៨ លើករបស់នាង ក្នុងនោះឈ្នះដោយប្រើស្នៀតក្លេឲ្យដៃគូចុះចាញ់ចំនួន ៧ លើក។
ដោយឡែក Yamaguchi វ័យ ៣៧ ឆ្នាំ គឺជាកីឡាការិនីជើងចាស់ម្នាក់ ខណៈដែលនាងមានកំណត់ត្រាឈ្នះ ១៧ លើក និងចាញ់ ១០ លើកពីការប្រកួតអាជីពរបស់នាង ក្នុងនោះផ្តួលដៃគូឲ្យសន្លប់ ២ លើក និងឈ្នះដោយស្នៀតក្លេ ៧ លើក។
ស្របពេលជាមួយគ្នានេះ Martin វ័យ ២៩ ឆ្នាំ ដែលជាម្ចាស់ខ្សែក្រវាត់ពិភពលោកក្នុងទម្ងន់ ៧០,៣ គីឡូក្រាម និង ៧៧,១ គីឡូក្រាម ក៏នឹងត្រូវការពារខ្សែក្រវាត់ក្នុងទម្ងន់ ៧០,៣ គីឡូក្រាមរបស់ខ្លួននៅរាត្រីនោះផងដែរ នៅពេលដែលរូបគេត្រូវប៉ះជាមួយនឹងតារាឆ្នើមទើបតែរះគឺកីឡាករ Christian Lee។
កីឡាករកូនកាត់អូស្ត្រាលី-វៀតណាមរូបនេះ មានកំណត់ត្រាឈ្នះ ១០ លើក និងចាញ់ ២ លើក ខណៈដែលការប្រកួតចុងក្រោយរបស់គេបានបញ្ចប់ដោយការចាញ់ម្ចាស់ខ្សែក្រវាត់ពិភពលោកទម្ងន់ ៦៥,៨ Bibiano Fernandes ក្នុងទីក្រុងបាងកក កាលពីចុងខែមីនា ឆ្នាំនេះ។
Christian “The Warrior” Lee វ័យ ១៩ ឆ្នាំ គឺជាប្អូនប្រុសបង្កើតឲ្យម្ចាស់ខ្សែក្រវាត់ទម្ងន់ ៥២,២ គីឡូក្រាម Angela Lee បានចាប់ផ្តើមអាជីពក្នុងយុទ្ធគុនចម្រុះយ៉ាងល្អ តាមរយៈការដណ្តើមបានជ័យជម្នះ ៥ លើកជាប់ៗគ្នា។
ដោយឡែក កីឡាករវ័យក្មេងរូបនេះ មានស្នៀតប្រកួតដ៏គួរឲ្យទាក់ទាញ និងទើបតែបានផ្តួលកីឡាករជើងចាស់របស់ជប៉ុន Kazunori Yokota ក្នុងការប្រកួតលើកចុងក្រោយរបស់គេ ដើម្បីធ្វើឲ្យកំណត់ត្រាឈ្នះរបស់គេកើនដល់ ៩ លើក និងចាញ់ត្រឹមតែ ១ លើកគត់។
ក្រៅពីការប្រកួតដណ្តើមខ្សែក្រវាត់ដ៏ទាក់ទាញទាំង ២ គូនេះនៅមានការប្រកួតដ៏រំភើបជាច្រើនគូទៀត ដើម្បីបំពេញរាត្រីដ៏កក្រើកនៅលើទឹកដីសិង្ហបុរី៕
Via: PhnomPenh Post