ខ្សែបម្រើឆ្នើម Raheem Sterling, Fabian Delph និង Jordan Henderson គឺជាកីឡាករចុងក្រោយគេដែលត្រូវដកខ្លួនចេញពីក្រុមរបស់អង់គ្លេស ព្រោះញាំញីដោយរបួស សម្រាប់ការប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិអាល្លឺម៉ង់ ដែលជាម្ចាស់ជើងឯក World Cup និងក្រុមម្ចាស់ជើងឯក៥សម័យកាល ប្រេស៊ីល។

នេះបើយោងទៅតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស កាលពីថ្ងៃអង្គារ។ ក្រុមអង់គ្លេសរបស់លោក Gareth Southgate នឹងចាប់ផ្តើមត្រៀមខ្លួនសម្រាប់យុទ្ធនាការ World Cup របស់ពួកគេ ជាមួយនឹងការប្រកួតមិត្តភាពអន្តរជាតិពីរលើកជាប់ៗគ្នានៅកីឡដ្ឋាន Wembley ជាមួយនឹងក្រុមជើងខ្លាំងនៅសប្តាហ៍នេះ។

តារាឆ្នើម Dele Alli, Harry Kane និង Harry Winks របស់ក្លិប Tottenham ត្រូវបានលុបឈ្មោះចេញពីក្រុមដែលមានសមាជិក២៥នាក់រួចជាស្រេចរបស់អង់គ្លេស នៅមុនពេលក្រុមដែលមានរហស្សនាមថា តោកំណាចទាំងបីមួយនេះ បានជួបការខកចិត្តបន្ថែមទៀតកាលពីថ្ងៃអង្គារ។

សេចក្តីប្រកាសមួយពីសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) បានឲ្យដឹងថា៖ «ខ្សែបម្រើ Raheem Sterling និង Fabian Delph របស់ក្លិប Manchester City បានវិលទៅកាន់ក្លិបរបស់ពួកគេវិញ ក្រោយពីត្រូវបានលុបឈ្មោះចេញពីការប្រកួតនាពេលខាងមុខនេះរបស់ក្រុមជម្រើសជាតិអង់គ្លេស»។ FA បានបន្ថែមទៀតថា៖ «ខ្សែបម្រើ Jordan Henderson របស់ក្លិប Liverpool ក៏នឹងអវត្តមានសម្រាប់ការប្រកួតពីរលើកជាប់ៗគ្នាជាមួយនឹងអាល្លឺម៉ង់ និងប្រេស៊ីល នៅកីឡដ្ឋាន Wembley ដោយសារតែបញ្ហារបួស»។ Henderson បានគ្រោងធ្វើដំណើរទៅកាន់ទីលានហ្វឹកហាត់របស់ក្រុមអង់គ្លេស St George’s Park ប៉ុន្តែ ក្រោយមកកាលពីសប្តាហ៍មុន រូបគេបានអវត្តមានក្នុងពេលក្រុម Liverpool ប្រកួតជាមួយនឹងក្រុម West Ham ដោយសារតែរបួសភ្លៅ។ ខ្សែបម្រើស្លាប Sterling របស់ Man City បានអវត្តមានដោយសារតែរបួសខ្នង ហើយ Delph បានរងរបួសកំភួនជើង ក្នុងពេលក្រុមខ្លួនបានយកឈ្នះលើក្រុម Arsenal៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ SkySport