ក្លិបបាល់ទាត់ភ្នំពេញក្រោន ដែលទើបឈ្នះក្តី លើការទាមទារថ្លៃសំណងអភិវឌ្ឍន៍កីឡាករចំនួន៥នាក់ ទើបប្តូរទៅលេងឲ្យក្លិបវិសាខា ទាំងភាពចម្រូងចម្រាស់នោះ បាននាំយកកីឡាករបរទេស២រូប មកចូលរួមជាមួយក្លិប ដើម្បីត្រៀមការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៩នេះ។

តាមការប្រកាសព័ត៌មាន នៅលើផេចហ្វេសប៊ុករបស់ក្លិបភ្នំពេញក្រោន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានឲ្យដឹងថា ក្លិបមួយនេះបាននាំយកកីឡាករជនជាតិប្រេស៊ីល គឺខ្សែប្រយុទ្ធវ័យ២៤ឆ្នាំ Darlan Martins Benvido និងខ្សែការពារវ័យ២២ឆ្នាំ Jhonata Sant’anna da Silva ដើម្បីចូលរួមជួយក្លិបរបស់ខ្លួន ហើយអ្នកទាំង២នេះ សុទ្ធតែមានបទពិសោធលេងបាល់បានច្រើនក្លិប។

តាមការបញ្ជាក់របស់ក្លិបភ្នំពេញក្រោន បានឲ្យដឹងថា ខ្សែប្រយុទ្ធ មានកម្ពស់១,៩៣ម៉ែត្រ Darlan Martins កើតនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ហើយគេបានចាប់ផ្តើមអាជីពបាល់ទាត់ដំបូងនៅក្លិប Flamengo FC ក្នុងឆ្នាំ២០១៥។ នៅឆ្នាំ២០១៦ កីឡាកររូបនេះ បានប្តូរមកលេងឲ្យក្លិប Olaria FC ហើយបានបន្តទៅលេងនៅក្លិប Arendal Fotball របស់ប្រទេស Norway ក្នុងឆ្នាំ២០១៧ និងលេងនៅក្លិប Mageese FC នៅឆ្នាំ២០១៨ ។

ចំណែកខ្សែការពារ Jhonata Sant’anna da Silva បានចាប់ផ្តើមអាជីពបាល់ទាត់នៅឆ្នាំ២០១១ ជាមួយក្លិប Parana Clube រួចបន្តលេងនៅក្លិប Olaria AC ក្នុងឆ្នាំ២០១៣ និងចុងក្រោយលេងឲ្យក្លិប Botafogo FC នៅឆ្នាំ២០១៦ ហើយជាមួយការនាំយកកីឡាករបរទេសទាំង២នេះ ក្លិបភ្នំពេញក្រោនសង្ឃឹមថា កីឡាករទាំង២នាក់នេះ នឹងក្លាយជាកម្លាំងដ៏ខ្លាំង ក្នុងការប្រកួតប្រជែង នៅលីកកំពូលកម្ពុជា ឆ្នាំ២០១៩នេះ។