លោក Gerd Zeise គ្រូបង្វឹកជម្រើសជាតិមីយ៉ាន់ម៉ា បានមើលឃើញថា ក្រុមជម្រើសជាតិកម្ពុជា មានការរីកចម្រើនទៅលើបច្ចេកទេស ដែលក្រុមលោកមិនងាយនឹងយកឈ្នះនោះទេ ប៉ុន្តែលោកបានបញ្ជាក់ថា ក្រុមរបស់លោកមកប្រកួតមិត្តភាពអន្តរជាតិ នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ គឺ «លេងដើម្បីយកឈ្នះក្រុមកម្ពុជា»។

ការបង្ហាញពីភាពជឿជាក់របស់លោក Gerd Zeise ត្រូវបានធ្វើឡើង ក្នុងសន្និសីទកាសែតស្តីពីការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមកម្ពុជា និងមីយ៉ាន់ម៉ា នៅពហុកីឡដ្ឋានជាតិ កាលពីព្រឹកថ្ងៃពុធនេះ ហើយវាក៏ជាពេលដែលលោកបានអះអាងពីការស្គាល់ភាពខ្លាំងរបស់ក្រុមកម្ពុជា និងលោក ប្រាក់ សុវណ្ណារ៉ា ដែលជាគ្រូបង្វឹកកម្ពុជា ផងដែរ។

លោក Gerd Zeise បាននិយាយថា៖ «ខ្ញុំធ្លាប់បានមកកម្ពុជាម្តង កាលពីឆ្នាំ២០១១ ក្នុងពាន BIDC Cup ហើយខ្ញុំក៏បានដឹងពីភាពខ្លាំងរបស់គ្រូកម្ពុជា និងក្រុមកម្ពុជា។ គិតមកដល់ពេលនេះ ក្រុមកម្ពុជា មានការរីកចម្រើនច្រើន។ បើទោះបីជា ការប្រកួតចុងក្រោយក្រុមនេះ បានចាញ់ក្រុមវៀតណាម ៥-០ ប៉ុន្តែបើមើលលម្អិតទៅលើបច្ចេកទេសវិញ គឺក្រុមកម្ពុជា មានភាពបត់បែន និងចល័តនៅលើទីលានបានល្អ។ ហេតុនេះខ្ញុំមិនគិតថា យើងនឹងមានភាពងាយស្រួលចំពោះការជួបក្រុមកម្ពុជា នៅថ្ងៃស្អែកនោះទេ»។

យ៉ាងណាក៏ដោយ នៅពេលសួរបញ្ជាក់ថា តើក្រុមមីយ៉ាន់ម៉ា មានសង្ឃឹមឈ្នះក្រុមកម្ពុជា ប៉ុន្មានភាគរយនោះ លោក Gerd Ziese បានឆ្លើយតបថា៖ «ចំណុចទី១ ខ្ញុំសង្ឃឹមថា កីឡាកររបស់ខ្ញុំ នឹងធ្វើតាមយុទ្ធសាស្រ្ត ដែលខ្ញុំបានប្រាប់ ហើយចំណុចទី២ យើងលេងដើម្បីឈ្នះ ព្រោះក្រុមទាំង២ នឹងព្យាយាមអស់ពីសមត្ថភាព ដើម្បីឈ្នះក្នុងការប្រកួតនេះ ហេតុនេះក្រុមណា ដែលធ្វើបានល្អប្រសើរជាង នឹងឈ្នះក្នុងការប្រកួតនេះ»៕