(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ២ រហូតដល់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ ព្រឹត្តិការណ៍ប្រគំតន្រ្តី Smart Mega Concert បានបញ្ចប់ដោយទទួលបានជោគជ័យយ៉ាងគគ្រឹកគគ្រេងដែលបានធ្វើឲ្យកក្រើកក្រុងសៀមរាមក្រោមការចូលរួមចូលទស្សនាយ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់ប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិ។

ព្រឹត្តិការណ៍ប្រគំតន្រ្តី Smart Mega Concert ដែលជាកម្មវិធីប្រគំតន្រ្តីដ៏ធំអស្ចារ្យមិនធ្លាប់មាននៅក្រុងសៀមរាមដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលបាននាំមកជូនដោយក្រុមហ៊ុន ស្មាត អាស្យាតា (Smart) ជាប្រតិបត្តិករទូរគមនាគមន៍ដ៏ធំបំផុតនៅកម្ពុជា និងមានការចូលរួមសហការឧបត្ថម្ភពីក្រុមហ៊ុន AIA Cambodia ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ធំមួយនៅកម្ពុជា ក្រុមហ៊ុន VKSC Investment ដែលក្រុមហ៊ុននាំចូលចែកចាយផលិតផលនំ Manora និងក្រុមហ៊ុន Worldwide Motor Company Ltd (WMC) ដែលជាក្រុមហ៊ុនដ៏ធំមួយបានទទួលសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយរថយន្តថ្មីទំនើប HAWTAI A25 នៅក្នុងប្រទេសកម្ពុជា ។

មុននឹងចាប់ផ្តើមកម្មវិធីប្រគំតន្រ្តី Smart Mega Concert កម្មវិធីជួបសំណេះសំណាលរវាងសិល្បករ និងមិត្តអ្នកគាំទ្របានរៀបចំឡើងដោយមានការចូលរួម និងស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រ និងអតិថិជន Smart ជាច្រើននៅហាង Smart Shop ក្នុងក្រុងសៀមរាប។ សិល្បករដែលអញ្ជើញចូលរួមកម្មវិធីសំណេះសំណាលរួមមាន លោក Alek Teeradetch លោក នីកូ លោក Step និងលោក ណា ខុន។ ក្នុងឱកាសនោះផងដែរ លោក Alek Teeradetch ដែលជាតារាសម្តែងល្បីប្រចាំព្រះរាជាណាចក្រថៃ បានមានប្រសាសន៍ថា លោកសប្បាយចិត្តដែលបានអញ្ជើញមកសម្តែងនៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងខេត្តសៀមរាបសម្បូរដោយប្រាសាទបុរាណជាច្រើនជាពិសេសគឺប្រាសាទអង្គវត្តដ៏ល្បីល្បាញជុំវិញពិភពលោក ហើយលោកក៏បានថ្លែងអំណរគុណដល់ប្រជាជនកម្ពុជាដែលបានគាំទ្រការសម្តែងរបស់លោកតាមរយៈខ្សែភាពយន្តភាគ។

កម្មវិធីប្រគំតន្ត្រី Smart Mega Concert បានចាប់ផ្តើមពីម៉ោង ៧ យប់ រហូតដល់ម៉ោង១២ អធ្រាត្រនៅបរិវេណមាត់ស្ទឹងក្រុងសៀមរាប ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែវិច្ឆិកា ហើយកម្មវិធីពិសេសនេះក៏បានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ PNN ចាប់ពីម៉ោង ៧ ដល់ម៉ោង ៩ យប់ផងដែរ។

Smart Mega Concert ដែលជាកម្មវិធីប្រគំតន្រ្តីដ៏ធំអស្ចារ្យមិនធ្លាប់មានធ្វើឡើងនៅក្នុងទឹកដីអច្ឆរិយៈខេត្តសៀមរាប បានទាក់ទាញទស្សនិកជនទាំងជាតិ និងអន្តរជាតិចូលរួមទស្សនាយ៉ាងច្រើនកុះករ។ ពួកគេបានរីករាយទស្សនាការសម្តែងរបស់តារាអន្តរជាតិល្បីឈ្មោះ លោក Alek Teeradetch ដែលជាតារាសម្តែងល្បីជួរមុខប្រចាំព្រះរាជាណាចក្រថៃ ព្រមទាំងតារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជា លោក នីកូ លោក Step អ្នកនាង សួស វីហ្សា កញ្ញា ស៊ុន ស្រីពេជ្រ កញ្ញា លាង សុផាឡែន លោក ខាន់ ជែម លោក ណា ខុន និងឌីជេ Maily ជាពិសេសក៏មានវត្តមានតារាចម្រៀងរបស់ខ្មែរដែលគេស្គាល់ថាជាក្រុមតារាចម្រៀង Original Song ដូចជា Jimmy Kiss, Adda, Chet Kanhna, Van Chesda ក្រុមតន្រ្តី SWSB ( Small world Small Band) ប្រុសឡា និងក្រុមតារាកំប្លែង អ្នកនាង កាតុ និងក្រុមតារាកំប្លែងជើងចាស់ លោក ចាប ចៀនដែលបានធ្វើឲ្យទស្សនិកជនផ្ទុះសំណើចសប្បាយរីករាយក្នុងអំឡុងកម្មវិធីរយៈពេលបីថ្ងៃ។

ទន្ទឹមនឹងនេះផងដែរ អ្នកទស្សនាទាំងអស់បានរីករាយលេងហ្គេមដើម្បីឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុន Smart ព្រមទាំងទស្សនាការតាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុន AIA Cambodia ជាក្រុមហ៊ុនធានារ៉ាប់រងជីវិតតែមួយគត់នៅកម្ពុជា ដែលធានារ៉ាប់រងលើជំងឺធ្ងន់ធ្ងរ និងផ្តោតលើសុខភាពជាចំបង។ ការតាំងបង្ហាញផលិតផលពីក្រុមហ៊ុន VKSC Investment ដែលក្រុមហ៊ុននាំចូលចែកចាយផលិតផលនំ Manora ដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងការតាំងបង្ហាញផលិតផលរថយន្តពីក្រុមហ៊ុន Worldwide Motor Company Ltd (WMC) ដែលជាក្រុមហ៊ុនដ៏ធំមួយបានទទួលសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយរថយន្តថ្មីទំនើប HAWTAI A25 នៅក្នុងប្រទេសកម្ពុជា ដែលបានផ្តល់កម្មវិធីពិសេសសម្រាប់អតិថិជន គឺមានទឹកប្រាក់បង់ដំបូងតែ៣០០០ដុល្លារ(បីពាន់ដុល្លារ) ប៉ុណ្ណោះ អតិថិជនទាំងអស់នឹងទទួលបានរថយន្ត HAWTAI A25 ដ៏ថ្មីសន្លាងនេះភ្លាម៕


ប្រភពពី: Cambosport