ក្រុមកីឡាករ កីឡាការិនីសូហ្វតិន្នីសកម្ពុជា ដែលបានធ្វើដំណើរទៅដល់ប្រទេសហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍នោះ នឹងចាប់ដំណើរការប្រកួតក្នុងព្រឹត្តិការណ៍កីឡាសូហ្វតិន្នីសជើងឯកអាស៊ាន លើកទី២ ឆ្នាំ២០១៧ នៅថ្ងៃសុក្រនេះ នឹងគ្រោងបញ្ចប់នៅថ្ងៃអាទិត្យ ដើម្បីស្វែងរកមេដាយទៅតាមភាពជឿជាក់របស់ខ្លួន។

សម្រាប់ការចេញទៅប្រកួតជាលើកទី២នេះ ថ្នាក់ដឹកនាំសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា និងអត្តពលិក សុទ្ធតែមានការជឿជាក់ខ្ពស់ ក្នុងការឈ្នះបានមេដាយ ដើម្បីបង្ហាញភាពខ្លាំងរបស់ខ្លួន មុនកម្ពុជា ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតនេះនៅឆ្នាំ២០១៨។

លោក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានប្រាប់មុនចេញដំណើរទៅប្រកួត កាលពីថ្ងៃពុធថា៖ «នៅក្នុងតំបន់អាស៊ាននេះ កម្ពុជា ជាប្រទេសខ្លាំងមួយផ្នែកកីឡាសូហ្វតិន្នីសនេះ ដែលធ្វើឲ្យប្រទេសមួយចំនួនមានការខ្លាចរអាយើង។ យើងមានការបារម្ភទៅលើប្រទេស២ដែរ គឺឥណ្ឌូនេស៊ី និងថៃ ប៉ុន្តែតាមរយៈការខិតខំហ្វឹកហាត់ និងការត្រៀមខ្លួនបានល្អនេះ យើងមានសង្ឃឹមខ្ពស់មែនទែន ក្នុងការឈ្នះបានមេដាយ»។

លោកបានបន្ថែមថា៖ «សម្រាប់ការប្រកួតលើកទី១ នៅម៉ាឡេស៊ី យើងដណ្តើមបានមេដាយប្រាក់លើវិញ្ញាសាជាក្រុមបុរស ចំណែកការប្រកួតលើកនេះ យើងមានមហិច្ឆតាចង់បានមេដាយល្អជាងនេះ ព្រោះនៅឆ្នាំ២០១៨ យើងត្រូវធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាសូហ្វតិន្នីសជើងឯកអាស៊ាននេះ»។ ហេតុនេះយើងត្រូវដណ្តើមឲ្យបានមេដាយមាស ដើម្បីបង្ហាញពីភាពខ្លាំងរបស់យើង ទើបស័ក្តិសម ជាអ្នកដែលត្រូវធ្វើជាម្ចាស់ផ្ទះ បន្ទាប់»។

សម្រាប់ការចេញទៅប្រកួតកីឡាសូហ្វតិន្នីសជើងឯកអាស៊ានលើកទី២នេះ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបញ្ជូនអត្តពលិកចំនួន១៤នាក់(ស្រី៦នាក់) ទៅចូលរួមប្រកួត ក្នុងនោះមានកីឡាករ កាន់ សោភ័ណ្ឌ, ឯក ចំរើន, យី សរសារិទ្ធ, ឌឹម សំសម្បត្តិ, យី គាវីរៈ, ចន ម៉ាដា, ប៉ិល វណ្ណី, ជា សែនវិស្សុត, កីឡាការិនី រិន សុធារី, ម៉េត ម៉ារីយ៉ាន, យាន សុខឿន, ឃី ម៉េងជួង, ជិន ស្រូឡូយ និង បូ ទីនហ៊ុយ គឺជាបេក្ខភាព ដែលត្រៀមចេញទៅប្រកួតជើងឯកអាស៊ាននេះ។

អ្នកទាំងនេះ នឹងត្រូវប្រកួតលើវិញ្ញាសាឯកត្តជនរៀងៗខ្លួន រួមទាំងការប្រកួតជាគូ ដោយបុរសមាន៤គូ នារីមាន៣គូ និងការប្រកួតជាក្រុមបុរស និងក្រុមនារី ខណៈការប្រកួតនេះមានប្រទេសហ្វីលីពីន កម្ពុជា វៀតណាម ឡាវ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងថៃ។ បន្ថែមលើនេះក៏មានការប្រកួតបែប Open មួយទៀតដោយមានការចូលរួមពីប្រទេសចិន ជប៉ុន កូរ៉េ និងតៃវ៉ាន់ ក្នុងពេលជាមួយគ្នានោះផងដែរ។

លោក យី សារិន គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាសូហ្វតិន្នីសកម្ពុជា បានប្រាប់ថា៖ «យើងហ្វឹកហាត់បានល្អ ទាំងផ្នែកបច្ចេកទេស និងអនុវត្តផ្ទាល់ នៅលើទីលានស្តង់ដារអន្តរជាតិរបស់យើង ហើយតាមរយៈការខិតខំហ្វឹកហាត់នេះ ខ្ញុំសង្កេតឃើញថា សមត្ថភាពអត្តពលិករបស់យើង មានការរីកចម្រើនខ្លាំង ដែលអាចមានសង្ឃឹមច្រើន ក្នុងការដណ្តើមបានមេដាយ ពីការប្រកួតនេះ»៕