ក្រុមអត្តពលិកវ័យក្មេងរបស់ខេមរៈសហព័ន្ធការ៉ាតេដូ ចំនួន ១៩នាក់(ស្រី១៣នាក់) និងប្រធានប្រតិភូ ១នាក់ បានធ្វើដំណើរកាន់ទឹកដីប្រទេសជប៉ុន កាលពីយប់ថ្ងៃចន្ទ ម្សិលមិញ ដើម្បីពង្រឹងសមត្ថភាពផ្នែកហ្វឹកហាត់ជាមួយអ្នកជំនាញនៅទីនោះ ព្រមទាំងផ្លាស់ប្តូរវប្បធម៌ជាមួយជប៉ុន ដែលជាប្រទេសដើមនៃប្រភេទកីឡាការ៉ាតេដូ ផងដែរ។

កីឡាការិនី ជា ថារី ជាសមាជិកប្រតិបត្តិរបស់ខេមរៈសហព័ន្ធរ៉ាតេដូ និងជាប្រធានប្រតិភូដឹកនាំក្រុមអត្តពលិកការ៉ាតេដូ ទៅហ្វឹកហាត់នៅជប៉ុន បានប្រាប់ថា នេះជាលើកទី១ហើយ ដែលក្រុមការ៉ាតេដូកម្ពុជា បានចេញទៅហ្វឹកហាត់ និងផ្លាស់ប្តូរវប្បធម៌ជាមួយប្រទេសជប៉ុន ហើយការចេញទៅនេះ មានការសហការជាមួយក្រសួងការបរទេសជប៉ុន និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយលោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ប្រធានខេមរៈសហព័ន្ធការ៉ាតេដូ។

សម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន កាលពីយប់ថ្ងៃចន្ទ ម្សិលមិញនោះ ប្រតិភូការ៉ាតេដូកម្ពុជា ត្រូវធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ រួចបន្តដំណើរទៅកាន់កោះអូគីណាវ៉ា ដែលជាកន្លែងពួកត្រូវហ្វឹកហាត់ការ៉ាតេដូ ហើយពួកគេនឹងស្នាក់នៅប្រទេសជប៉ុន ១សប្តាហ៍ ដោយត្រូវវិលមកវិញនៅថ្ងៃទី២១ ខែវិច្ឆិកា ខាងមុខនេះ។

កញ្ញា ជា ថារី បានបញ្ជាក់ថា៖ «យើងត្រូវហ្វឹកហាត់ការ៉ាតេដូ នៅលើកោះអូគីណាវ៉ា នោះតែម្តង ព្រោះការ៉ាតេដូ បានកកើតនៅលើកោះអូគីណាវ៉ានោះ ប៉ុន្តែនៅក្នុងកម្មវិធី យើងត្រូវធ្វើការហ្វឹកហាត់តែ ៣ថ្ងៃទេ ហើយក៏គ្មានការប្រកួត ឬធ្វើសេត្តសមគ្នានោះទេ។ ចំណែកពេលវេលាសល់ពីនោះ យើងនឹងទំនាក់ទំនង និងឲ្យបានដឹងពីវប្បធម៌ និងទីកន្លែង ជាប្រវត្តិសាស្រ្តផ្សេងៗរបស់ជប៉ុន»។

យ៉ាងណាក៏ដោយ ជា ថាវី បានបញ្ជាក់ថា៖ «ការបានទៅហ្វឹកហាត់នៅជប៉ុន វាជារឿងដែលពិសសេសមែនទែន ព្រោះការ៉ាតេដូ មានដើមកំណើតនៅប្រទេសជប៉ុន អ៊ីចឹងវាជាឱកាសមួយ ដែលពួកយើងបានទៅដល់កន្លែងកំណើតនៃការ៉ាតេដូ អ៊ីចឹងវានឹងធ្វើឲ្យយើងបានដឹងពីតាក់ទិច ទិចនិក របៀបនៃការលេង ជាមួយការបង្ហាត់បង្ហាញពីគ្រូធំៗនៅប្រទេសជប៉ុននោះតែម្តង»។

មុននឹងធ្វើដំណើរទៅប្រទេសជប៉ុន កាលពីយប់ថ្ងៃចន្ទនោះ ប្រតិភូកីឡាការ៉ាតេដូ មួយក្រុមនេះ ក៏បានទៅចូលសម្តែងការគួរសមជាមួយ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC នៅទីស្នាក់ការ NOCC កាលពីព្រឹកថ្ងៃចន្ទ ម្សិលមិញនោះផងដែរ ហើយលោក ចំរើន បានផ្តែផ្តាំពួកគេឲ្យចេះស្រឡាញ់គ្នា ចេះមើលថែទាំគ្នា និងយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ ពិសេសប្រកាន់ភ្ជាប់នៅសីលធម៌ល្អ ការរស់នៅល្អ ការហូបចុកស្នាក់នៅមានអនាម័យ ដើម្បីឲ្យប្រជាពលរដ្ឋជប៉ុន បានមើលឃើញពីទំនៀបទម្លាប់ វប្បធម៌ដ៏ថ្លៃថ្នូររបស់ខ្មែរ។

ជាមួយគ្នានោះ លោក វ៉ាត់ ចំរើន បាននាំយកថវិការបស់លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន មកចែកជូនដល់អត្តពលិក និងប្រធានប្រតិភូ សរុបទាំង ២០នាក់ ដោយក្នុងម្នាក់ៗបាន ១០០ដុល្លារស្មើៗគ្នា៕
Via: Cambosport