លោក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបើកឲ្យមានសន្និសីទកាសែតមួយ នៅមណ្ឌមមណ្ឌលកីឡាក្រសួងមហាផ្ទៃក្នុងពហុកីឡដ្ឋានជាតិ កាលពីថ្ងៃអង្គារ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ក្រុមសូហ្វតិន្នីសកម្ពុជា ចំពោះការឈ្នះបានមេដាយមាស២ និងប្រាក់១ ពីការប្រកួតកីឡាសូហ្វតិន្នីសជើងឯកអាស៊ាន លើកទី២ នៅប្រទេសហ្វីលីន កាលពីពេលថ្មីៗនេះ។

លោក ជា ប៊ុនហេង ដែលជាប្រធានប្រតិភូដឹកនាំក្រុមអត្តពលិកទៅចូលរួមការប្រកួត ខាងលើនេះ បានថ្លែងថា៖ «ទម្រាំងទទួលបានមេដាយមាស នៅពេលនេះ យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ទាំងគ្រូបង្វឹក ថ្នាក់ដឹកនាំ និងអត្តពលិក គឺមិនមែនគេចែកមេដាយឲ្យយើង ដូចការចុះផ្សាយមួយចំនួន និងការយល់ឃើញរបស់មនុស្សមួយចំនួន ដែលមិនបានយល់ច្បាស់ពីកីឡាសូហ្វតិន្នីសនោះទេ»។

ជាមួយការឈ្នះបានមេដាយមាស២ និងមេដាយប្រាក់១ នេះ បានធ្វើឲ្យប្រទេសផ្សេងៗមានការកោតសរសើរទៅដល់ក្រុមសូហ្វតិន្នីសកម្ពុជា ហើយជ័យជម្នះនេះក៏បានធ្វើឲ្យកីឡាសូហ្វតិន្នីសកម្ពុជា បានឡើងទៅឈរនៅចំណាត់ថ្នាក់លេខ១០ពិភពលោក ក្នុងចំណោម៤៥ប្រទេស ផងដែរ គឺមានន័យថា ក្រុមសូហ្វតិន្នីសកម្ពុជា បានចាប់ផ្តើមតាំងពីឈរនៅចំពណាត់ថ្នាក់លេខ៣៤ចុងក្រោយ រហូតមកឈរនៅលេខ១០ ក្នុងពេលសហព័ន្ធកីឡាសូហ្វតិន្នីសអន្តរជាតិ មានការកើនសមាជិករហូតដល់៤៥ប្រទេស នៅពេលនេះ៕