ការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៧ នឹងចាប់ដំណើរការប្រកួតវិញ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ បន្ទាប់ពីបានផ្អាកការប្រកួតអស់រយៈពេល២សប្តាហ៍ ដោយសារកីឡាករតាមបណ្តាក្លិបមួយចំនួន ជាប់បំពេញភារៈកិច្ចជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup 2019។

សម្រាប់ការវិលមកកាន់ទីលានជាថ្មីនេះ ត្រូវបានគេមើលឃើញថា ក្រុមខ្លាំងៗដូចជាព្រះខ័នរាជស្វាយរៀង បឹងកេត ណាហ្គាវើល និងក្រសួងការពារជាតិ ដែលកំពុងឈរនៅតំបន់កំពូលតារាងទាំង៤ សុទ្ធតែមានភាគរកខ្ពស់ក្នុងការដណ្តើមបាន៣ពិន្ទុបន្ថែម ដើម្បីបន្តឈរនៅតំបន់នេះជាបន្តទៀត។

បើតាមកម្មវិធីប្រកួត ប្រចាំសប្តាហ៍ទី២០នេះ ក្រុមបឹងកេត ត្រូវប៉ះក្រុមអគ្គិសនីកម្ពុជា ដែលពួកគេធ្លាប់លត់ ៤-០ ឯក្រុមណាហ្គាវើល ត្រូវវិលទៅជួបក្រុមអាស៊ីអឺរ៉ុប ដែលពួកគេធ្លាប់ឈ្នះ ៤-០។ ចំណែកក្រុមព្រះខ័នរាជស្វាយរៀង ត្រូវប៉ះក្រុម CMAC ដែលពួកគេធ្លាប់បំបាក់ ៧-០ ហើយក្រុមក្រសួងការពារជាតិ ត្រូវជួបក្រុមបាតតារាង គិរីវង់សុខសែនជ័យ ដែលពួកគេធ្លាប់ឈ្នះ ២-០។
Via: Cambosport