សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានចាប់ដំណើរការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៧ នៅក្នុងសាលដំបូងទូកនៃពហុកីឡដ្ឋានជាតិ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ម្សិលមិញ ដោយមានអត្តពលិកចូលរួមជាង៨០នាក់ ដោយគ្រោងបញ្ចប់នៅថ្ងៃអាទិត្យ ខាងមុខនេះ។

យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៧ ត្រូវបានដំណើរការយ៉ាងសេះអង្គើយ ដោយគ្មានអ្នកទស្សនាចូលរួមនោះទេ បើទោះបីជា ការប្រកួតបើកឆាក កាលពីព្រឹកមិញ មានការអញ្ជើញចូលរួមទស្សនាដោយផ្ទាល់ពីសំណាក់លោកឧកញ៉ា រ័ត្ន សុខន ដែលជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ក៏ដោយ។

បន្ថែមលើនេះ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ក៏គ្មានអាជ្ញាកណ្តាល ចៅក្រមគ្រប់គ្រាន់ សម្រាប់យកមកបំពេញការងារក្នុងការប្រកួតនេះដែរ ព្រោះតាមរយៈការប្រកួតកាលពីព្រឹកមិញនេះ គេឃើញសហព័ន្ធនេះបានខ្ចីអត្តពលិកមកពីសហព័ន្ធកីឡាជាតិផ្សេងៗពី៣ទៅ៤នាក់ សម្រាប់ធ្វើជាអាជ្ញាកណ្តាល និងចៅក្រម។

មួយវិញទៀត សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ក៏គ្មានការដាក់ជាបដាស្តីពីការប្រកួតជើងឯកថ្នាក់ជាតិនេះ នៅខាងក្រៅសាលប្រកួត ដើម្បីឲ្យអ្នកមកពីចម្ងាយដឹងនោះដែរ បើទោះបីជាលោកឧកញ៉ា រ័ត្ន សុខន ធ្លាប់បានអះអាងថា លោកបានចំណាយថវិកាផ្ទាល់អស់ខ្ទង់សែនម៉ឺនដុល្លារ សម្រាប់ទ្រទ្រង់ឲ្យកីឡាវាយកូនឃ្លីលើតុ មានដំណើរការមកដល់ថ្ងៃនេះក៏ដោយ។

គួបញ្ជាក់ថា អត្តពលិកជាង៨០នាក់ ដែលបានមកចូលរួមការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៧នេះ គឺមានមកពីក្លិប-សមាគមចំនួន១៥ ក្នុងនោះមានក្លិបសាលាទួលថ្ម(ខេត្តកំពង់ចាម) សមាគមក្រសួងមហាផ្ទៃ ក្លិបសាន់នីព្រីនធីងសីវីស ក្លិប Spider Man ក្លិបសាលារៀនវ៉េស្ទឡាញន៍(សាខាទួលស្វាយព្រៃ) ក្រុមហ៊ុនRSK ក្លិបពោធិ៍សាត់សែនជ័យ ក្លិបដើមមៀន(តាខ្មៅ) ក្លិប Balancika សាលារៀនណត្សឡាញន៍ ក្លិបមិត្តនគរបាលជាតិ ក្លិបសន្ធមុខថ្មី ក្រុមហ៊ុនមាសវីដាំង ក្លិបបឹងសាឡាង និងក្លិបសៀមរាប៕
Via: Cambosport