ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( FFC ) ចំនួន៣ គឺការប្រកួតជម្រើសជើងឯកយុវជន U14 យុវជន U16 និងការប្រកួតជម្រើសជើងឯកបាល់ទាត់នារី ប្រចាំឆ្នាំ២០១៧ នឹងបើកការប្រកួត នៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ។

បើតាមសេចក្តីជូនដំណឹងរបស់ FFC បានឲ្យដឹងថា ការប្រកួតកម្រិតថ្នាលទាំង៣ព្រឹត្តិការណ៍ខាងលើនេះ នឹងរៀបចំពិធីបើកការប្រកួត នៅកីឡដ្ឋានខេត្តកំពត ថ្ងៃអាទិត្យ ខាងមុខនេះ គឺចាប់ពីម៉ោង៣តទៅ ហើយជំនួបរវាងក្រុមU16ខេត្តកំពត និងក្រុមU16ខេត្តកោះកុង នឹងដាក់ឲ្យប្រកួតគ្នា បន្ទាប់ពិធីបើកការប្រកួតនោះ ចាប់ពីម៉ោង ៣:៣០ តទៅ។

បន្ថែមលើនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏នឹងប្រកាសបើកឲ្យប្រើប្រាស់សាលាតម្រង់ទិសកីឡារបស់ខេត្តកំពត នៅពេលនោះផងដែរ ហើយបើតាមកម្មវិធីប្រកួត គឺព្រឹត្តិការណ៍ទាំង៣ខាងលើ ត្រូវចាប់ផ្តើមពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នឹងគ្រោងបញ្ចប់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ដូចគ្នា។

ជាមួយនឹងការប្រកួតជម្រើសជើងឯកយុវជន U14 យុវជនU16 និងការប្រកួតជម្រើសជើងឯកបាល់ទាត់នារីនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចាត់ទុកថា ជាផែនការយុទ្ធសាស្រ្តអភិវឌ្ឍកីឡាបាល់ទាត់ក្នុងរយៈពេលវែង ក្នុងទិសដៅឆ្ពោះទៅកាន់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ និងក្រោយឆ្នាំ២០២៣៕