(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា បានខិតជិតនឹងបញ្ចប់វគ្គសន្សំពិន្ទុជើងទី២ ហើយ ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី២០ កាលពីចុងសប្ដាហ៍កន្លងទៅ ដោយលទ្ធផលក្រុមឈរ ៤ក្រុមកំពូលតារាង(Top-4) រក្សានៅដដែល ដែលធ្វើឲ្យកៅអីក្រុមកំពូលតារាង ដើម្បីឈានទៅចូលរួមប្រកួតពានរង្វាន់ Toyota Mekong Cup 2017 និងពាន AFC Cup ឆ្នាំ២០១៧-២០១៨ កាន់តែតានតឹងបន្ថែមទៀត ។

ចំពោះលទ្ធផលការប្រកួតរបស់ក្រុម Top-4 សប្ដាហ៍ទី២០ រួមមានក្រុមព្រះខ័នរាជស្វាយរៀង បានបំបាក់ក្រុមស៊ីម៉ាក់ ៨-១ ក្នុងដី ដើម្បីទទួលបាន ៤៣ពិន្ទុបន្ដឈរកំពូលតារាង ។ រីឯក្រុមបឹងកេត និងក្រុមណាហ្គាវើល បានយកឈ្នះក្រុមអគ្គិសនីកម្ពុជា និងក្រុមអាស៊ីអឺរ៉ុប ដោយលទ្ធផល ៤-១ ដូចគ្នា ។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមបឹងកេត និងណាហ្គាវើលមាន ៤២ពិន្ទុស្មើគ្នាឈរលេខ២ និងលេខ៣ ។ ចំណែកក្រុមក្រសួងការពារជាតិ បានបន្ដឈរលេខ៤ និងមាន ៣៩ពិន្ទុក្រោយយកឈ្នះក្រុមគិរីវង់ ៥-៣ ។

ដោយឡែកចំពោះកម្មវិធីនៅសល់ ២សប្ដាហ៍ទៀតប៉ុណ្ណោះ នឹងបញ្ចប់ ។ ដូច្នេះបើយោងតាមលទ្ធផលខាងលើ ថ្វីបើព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាងក្ដី ប៉ុន្ដែតំណែងនេះ នៅមិនទាន់ច្បាស់ ១០០% អាចបន្ដដល់ចប់ការប្រកួតនោះទេ ព្រោះក្រុមមួយចំនួន ត្រូវប្រឈមនឹងការប្រកួតក្រុមខ្លាំង ប៉ះក្រុមខ្លាំងក្នុង ២ប្រកួតចុងក្រោយ ជាក់ស្ដែងក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួបភ្នំពេញក្រោន ហើយក្រុមបឹងកេត និងក្រុមណាហ្គាវើល ត្រូវជួបក្រុម Cambodian Tiger ជាដើម ។

សូមបញ្ជាក់ថា សម្រាប់លីគរដូវកាលថ្មីនេះ ក៏មិនខុសពីរដូវកាលមុនដែរ ពោលគឺក្រុមឈរកំពូលតារាងក្នុងវគ្គសន្សំពិន្ទុ ក្រោយបញ្ចប់ការប្រកួត ២ជើង នឹងទទួលបានសិទ្ធិទៅប្រកួតពានរង្វាន់អន្ដរជាតិធំៗ ចំនួន ២ គឺពានរង្វាន់ Toyota Mekong Cup 2017 និងពាន AFC Cup ឆ្នាំ២០១៧-២០១៨ ។ ដូច្នេះចាំមើលតើក្រុមខ្លាំងតំណាងកម្ពុជាមួយណា ដែលអាចកក់កៅអីពានធំៗទាំងពីរនេះ?
Via: khmertalking