កីឡាករ ស៊ឹម ប៊ុនស្រ៊ន់ របស់ក្លិប Cambodia Top Team និងកីឡាការិនី វី ស្រីខួច បានក្លាយជាបេក្ខភាពតំណាងឲ្យកម្ពុជាតែ ២គត់ ដែលអង្គភាពរៀបចំក្បាច់គុនចម្រុះដ៏ធំប្រចាំនៅអាស៊ី ONE Championship បានដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍ ONE: Immoratal Pursuit ក្នុងចំណោមការប្រកួតទាំង ១០គូ ដែលនឹងត្រូវធ្វើនៅកីឡដ្ឋាន Singapore Indoor Stadium នៅប្រទេសសិង្ហបុរី នាយប់ថ្ងៃសុក្រ ចុងសប្តាហ៍នេះ។

នៅក្នុងការប្រកួតដ៏ធំនេះ ស៊ឹម ប៊ុនស្រ៊ន់ នឹងត្រូវប្រឈមជាមួយជើងខ្លាំងរបស់ចិន Miao Li Tao ក្នុងទម្ងន់ចន្លោះពី៥២,៣ ទៅ៥៦,៧គីឡូក្រាម ហើយនេះជាពេលវេលាដ៏សំខាន់ ដែលរូបគេត្រូវការឈ្នះ ដើម្បីលុបបំបាត់ចោលនូវភាពជូរចត់របស់ខ្លួន ក្នុងការបង្ហាញខ្លួនលើកចុងក្រោយក្នុងព្រឹត្តិការណ៍ ONE: Total Victory នៅប្រទេសឥណ្ឌូនេស៊ី កាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៧ ដោយរូបគេបានសន្លប់ ក្នុងទឹកទី១ ក្រោមក្បាច់ក្លេរបស់កីឡាករម្ចាស់ផ្ទះ Stefer Rahardian។

លោក ហ៊ុន ចាន់រាជ ដែលបានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីជាមួយកីឡាករ ស៊ឹម ប៊ុនស្រ៊ន់ កាលពីថ្ងៃចន្ទ ម្សិលមិញនោះ បានចាត់ទុកកីឡាករចិន Miao Li Tao គឺជាជើងខ្លាំងម្នាក់ ដែលវ៉ៃបានល្អសព្វបែបយ៉ាង ហើយកម្លាំងរបស់គេ ក៏ខ្លាំងជាង ប៊ុនស្រ៊ន់ ដែរ ប៉ុន្តែគ្រូបង្វឹក MMA ម្នាក់នេះនៅតែទុកចិត្តទៅលើសិស្សរបស់ខ្លួន។

លោក ចាន់រាជ បានប្រាប់ថា៖ «កីឡាករចិនម្នាក់នេះ ល្អគ្រប់យ៉ាង ហើយភាគច្រើនគេបានយកឈ្នះលើគូប្រកួតនៅក្នុងទឹកទី១ ហេតុនេះ ប៊ុនស្រ៊ន់ ត្រូវទប់គេឲ្យបានក្នុងទឹកទី១ ហើយនៅពេលគេហត់នៅនៅទឹកទី១ហើយនោះ គឺយើងមានច្រើនក្នុងការប្រើក្បាច់ក្លេយកឈ្នះគេនៅទឹកទី២ ព្រោះបច្ចេកទេសនៃការប្រើក្បាច់ក្លេរបស់ចិនម្នាក់នោះ ចាញ់ ស៊ឹម ប៊ុនស្រន់»។

ចំណែកកីឡាការិនី វី ស្រីខួច នឹងត្រូវឡើងប្រកួតជាមួយកីឡាការិនីម្ចាស់ផ្ទះសិង្ហបុរី May Ooi ក្នុងទម្ងន់ចន្លោះពី៥២,២ ទៅ៥៦,៧គីឡូក្រាម ហើយនេះជាពេលវេលាដែល វី ស្រីខួច ត្រូវប្រើក្បាច់ក្បាច់ប្រដាល់សេរី រួមផ្សុះជាមួយប្រដាល់សកល និងកីឡាវ៉ូវីណាម ជាដើម ដើម្បីប្រជែងរកការឈ្នះពីកីឡាការិនីដែលធ្លាប់ជាម្ចាស់ជើងឯកកីឡាហែលទឹក May Ooi ដើម្បីទទួលបានប្រាក់រង្វាន់បន្ថែមពីលើប្រាក់តម្លៃខ្លួននៃការប្រកួតនេះ យកទៅផ្គត់ផ្គង់ជីវភាពគ្រួសារ ដែលកំពុងមានជួបបញ្ហា បន្ទាប់ពី វី ស្រីខួច បានបាត់ម៉ូតូម៉ាក ZoomerX នៅកន្លែងហ្វឹកហាត់ ក្នុងពហុកីឡដ្ឋានជាតិ កាលពីខែមុននេះ៕