ស្របពេល ចាន់ វឌ្ឍនាកា ជិតផុតកុងត្រាខ្ចីជើងជាមួយក្លឹប Fujieda MYFC នៃលីគលំដាប់ទី៣ ជប៉ុន និងមានក្លឹបមួយចំនួន កំពុងទាក់ទងគេ ឪពុកខ្សែប្រយុទ្ធឆ្នើមរូបនេះលោក ចាន់ ចេស្ដា អភិបាលខេត្តកំពត បានប្រកាសគាំទ្រកូនប្រុសខ្លួន ក្នុងការបន្ដអាជីពជាមួយក្លឹបបរទេស ដោយសំអាងថា វឌ្ឍនាកា មិនមែនជាមនុស្សឯកជន សម្រាប់គ្រួសារលោកឡើយ តែគេជាយុវជនម្នាក់របស់ប្រទេសជាតិ ។

អភិបាលខេត្តកំពតរូបនេះ បានធ្វើឡើងដូច្នេះក្នុងពិធីបើកការប្រកួតលីគយុវជន U14, U16 និងលីគបាល់ទាត់នារី លើកទី១ ឆ្នាំ២០១៧ នៅកីឡដ្ឋានខេត្តកំពត កាលពីចុងសប្ដាហ៍កន្លងទៅ ។ លោកបន្ដថា ដោយទទួលបានការអនុញ្ញាតពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាលោក សៅ សុខា គ្រួសារ និងអ្នកគាំទ្រ ទើបកូនប្រុសលោកមានឱកាសបានទៅលេងនៅជប៉ុន ។

លោក ចាន់ ចេស្ដា មានប្រសាសន៍ថា «ក្នុងនាមឪពុក ខ្ញុំតែងតែជំរុញទៅលេងក្លឹបណាមួយ ដែលល្អ ។ តែខ្ញុំមិនដែលបានគិតគាត់ជាមនុស្សឯកជន សម្រាប់គ្រួសារខ្ញុំទេ សព្វថ្ងៃនេះ គាត់ជាយុវជនមួយរបស់ជាតិ ។ អញ្ចឹងគាត់ចេញទៅលេងនៅក្លឹបណា ជានិច្ចកាល គឺខ្ញុំគាំទ្រ…» ។ ប៉ុន្ដែយ៉ាងណាលោកមិនទាន់ដឹងព័ត៌មានច្បាស់ថា វឌ្ឍនាកា នឹងទៅលេងឲ្យក្លឹបណា បន្ទាប់ពីចប់កុងត្រាជាមួយក្លឹប Fujieda MYFC នោះទេ ។

សូមបញ្ជាក់ថា ចាន់ វឌ្ឍនាកា ត្រូវបានក្លឹប Fujieda MYFC នាំយកពីក្លឹបបឹងកេត ទៅលេងមួយរដូវកាល ក្នុងលក្ខខណ្ឌខ្ចីជើង ប៉ុន្ដែទើបបានបង្ហាញវត្តមានក្នុងការប្រកួតផ្លូវការ ៧នាទីប៉ុណ្ណោះ ខណៈក្លឹបមួយនេះសល់ ២ប្រកួតក្នុងដៃទៀតនឹងចប់ ។ ដូច្នេះ វឌ្ឍនកា ទំនងត្រឡប់មកកម្ពុជាវិញ ក្រោយផុតកុងត្រាអំឡុងខែធ្នូខាងមុខ ។ នេះបើយោងតាមប្រភពជិតស្និតនឹងខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះ ។ រីឯប្រភពព័ត៌មានមួយទៀត បានបង្ហើបថា ពេលនេះមានក្លឹបថៃ ម៉ាឡេស៊ី និងអឺរ៉ុបមួយ កំពុងទាក់ទង វឌ្ឍនាកា តែមិនទាន់មានចម្លើយនោះទេ៕

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ KhmerTalking