ក្រុមកំពុងលេងនៅលីកកំពូលកម្ពុជា ចំនួន៨ក្រុម នឹងត្រូវធ្វើការប្រកួតជើងទី២ កាត់សេចក្តីក្រុមឈ្នះចំនួន៤ ដើម្បីឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចហ៊ុន សែន លើកទី១១ ឆ្នាំ២០១៧ នៅថ្ងៃពុធនេះ។

សម្រាប់ការប្រកួតជើងទី១ ដំណាក់កាលទី៥ ឬវគ្គ៨ក្រុមចុងក្រោយ កាលពីថ្ងៃទី១៥ ខែតុលា គឺមានតែក្រុមណាហ្គាវើល និងក្រុមអគ្គិសនីកម្ពុជា ទេ ដែលបានយកឈ្នះលើគូប្រកួត ដោយក្នុងនោះណាហ្គាវើល បានយកឈ្នះក្រុមភ្នំពេញក្រោន ២-១ ខណៈអគ្គិសនីកម្ពុជា បានយកឈ្នះក្រុមប៉ូលិស ១-០។

ផ្ទុយពីនេះក្រុមបឹងកេត បានវាយបកតាមស្មើ ២-២ ជាមួយក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ទាំងលំបាក ហើយក្រុមព្រះខ័នរាជស្វាយរៀង បានវាយបកតាមស្មើក្រុមក្រសួងការពារជាតិ ១-១ ដូចគ្នា ហើយតាមរយៈលទ្ធផលនេះ បានធ្វើឲ្យការប្រកួតកាត់សេចក្តីនៅថ្ងៃពុធនេះ មានការចាប់អារម្មណ៍ខ្លាំង។

យ៉ាងណាក៏ដោយ ក្រុមបឹងកេត ដែលត្រូវស្វាគមន៍ក្រុមមគិរីវង់ វិញនោះ ហាក់មានសង្ឃឹមខ្ពស់ ក្នុងការយកឈ្នះ ដើម្បីបានឡើងទៅកាន់ការប្រកួតនៅវគ្គបន្ត ព្រោះលោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត ធ្លាប់បានប្រាប់ថា ការស្មើក្រុមគិរីវង់ ក្នុងជើងទី១ មកពីទីលានពិបាកលេង ប៉ុន្តែការប្រកួតជើងទី២ ក្រុមមរបស់លោក មានសង្ឃឹមច្រើន ក្នុងការយកឈ្នះក្រុមគិរីវង់ ដើម្បីទៅវគ្គបន្ត។

ចំណែកក្រុមព្រះខ័នរាជស្វាយរៀង ក្រុមភ្នំពេញក្រោន និងក្រុមប៉ូលិស ក៏ត្រូវធ្វើជាម្ចាស់ផ្ទះ ដើម្បីស្វាគមន៍គូប្រកួតរបស់ខ្លួនដូចគ្នាផងដែរ ប៉ុន្តែបើយោងទៅតាមកម្រិតលេងរបស់ក្រុមក្រសួងការពារជាតិ ក្រុមណាហ្គាវើល និងក្រុមអគ្គិសនីកម្ពុជា ដែលជាគូប្រកួតរបស់ពួកគេនោះ គឺស្ថិតនៅក្នុងស្ថានភាពលំបាក ដោយមិនទាន់អាចវាយតម្លៃបានថា ក្រុមណា នឹងទទួលបានជ័យជម្នះនោះទេ៕

Via: Cambosport