ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៧ បានរៀបចំពិធីបើកការប្រកួត នៅទីរួមខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃព្រហស្បតិ៍ ម្សិលមិញ ក្រោមអធិបតីភាពលោក Casey Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកអគ្គនាយកដ្ឋានកីឡា និងមន្រ្តីកីឡាមួយចំនួនទៀត។

នៅក្នុងពិធីបើកការប្រកួតនោះ លោក Casey Barnett និងលោក អ៊ុក សិទ្ធិជាតិ សុទ្ធតែបានវាយតម្លៃខ្ពស់ពីការខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាចំបាប់កម្ពុជា ក្នុងការរៀបចំការប្រកួតនេះឡើង ហើយបានចាត់ទុកការប្រកួតនេះ ជាពេលដែលសហព័ន្ធមួយនេះ ជ្រើសរើសបានយុវជនថ្នាល សម្រាប់ឆ្ពោះទៅកាន់ការប្រកួតសីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ។
បើតាមលោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បានដឹងថា ការប្រកួតថ្នាក់ជាតិលើកនេះ គឺមានការប្រកួតពេញតែ ៣ថ្ងៃប៉ុណ្ណោះ ដោយចាប់ផ្តើមពីថ្ងៃសុក្រនេះ រហូតដល់ថ្ងៃអាទិត្យ ហើយការប្រកួតត្រូវធ្វើតាមលក្ខណៈស្តង់ដារ ដោយ១វិញ្ញាសាៗ ត្រូវប្រកួតដល់ចប់ ក្នុងរយៈពេលត្រឹម១ថ្ងៃទេ។

អត្តពលិកចំនួន១៥៣នាក់ បានចូលរួម ក្នុងការប្រកួតនៅឆ្នាំនេះ ដោយពួកគេលេងតំណាងឲ្យក្លិប-សមាគមចំនួន៨ ហើយក្នុងពិធីបើកការប្រកួត កាលពីម្សិលមិញនោះ លោក Casey បានផ្តល់ថវិកាផ្ទាល់ខ្លួនឲ្យក្លិប-សមាគមនីមួយៗចំនួន១៥០ដុល្លារដូចគ្នា ហើយលោកក៏បានចំណាយថវិកាបំពេញបន្ថែមជាង៧លានរៀលទៀត សម្រាប់ចំណាយទៅលើការប្រកួតទាំងមូលផងដែរ ដោយត្រូវចំណាយអស់ជាង៤០លានរៀល ខណៈកញ្ចប់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់ឲ្យគឺមានត្រឹម៣៣លានរៀលទេ។

លោក ធិន វិចិត្រ បានបន្ថែមថា សម្រាប់ការប្រកួតនេះ យើងមានកំណត់អាយុអ្នកចូលរួមចាប់ពី១៦ឆ្នាំ ដល់ត្រឹម២៧ឆ្នាំ ហើយក្លិប-សមាគមទាំង៨ ដែលបានចូលរួមក្នុងការប្រកួតនេះរួមមាន សមាគមក្រសួងមហាផ្ទៃ ក្លិបកីឡាចំបាប់ភ្នំពេញ សមាគមកីឡាចំបាប់បារមីម៉ឺនឯក(ខេត្តកណ្តាល) សមាគមកីឡាចំបាប់យាយព្រីងមានរិទ្ធ(ខេត្តកំពង់ឆ្នាំង) សមាគមកីឡាចំបាប់រិទ្ធីសែនមានរិទ្ធ(ខេត្តកំពង់ឆ្នាំង)សមាគមកីឡាចំបាប់ឃ្លាំងមឿង(ខេត្តពោធិ៍សាត់) សមាគមកីឡាចំបាប់ខេត្តព្រៃវែង និងក្លិបកីឡាចំបាប់អូឡាំពិក។

ជុំវិញការកំណត់អាយុអ្នកចូលរួមនេះ លោក ធិន វិចិត្រ បានបញ្ជាក់ថា៖« ការប្រកួតនេះ យើងផ្តោតខ្លាំងទៅលើគុណភាព និងសម្រួចខ្លាំងទៅលើក្រុមយុវជន ព្រោះបន្ទាប់ពីការប្រកួតនេះទៅ យើងនឹងមានការជ្រើសរើសអ្នកមានសមត្ថភាព ត្រៀមដាក់ចូលឲ្យហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ដើម្បីត្រៀមឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម ពិសេសស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ»។

សម្រាប់ការប្រកួតថ្នាក់ជាតិ ដែលធ្វើនៅខេត្តកំពង់ឆ្នាំង លើកនេះ មានទាំងការប្រកួតចំបាប់សម័យ និងចំបាប់បុរាណ។ ការប្រកួតចំបាប់សម័យ រួមមានចំបាប់សេរីបុរស(មានទម្ងន់៥០គីឡូក្រាម ៥៧ ៦១ ៧៤ និងទម្ងន់សេរី) ចំបាប់សេរីស្រ្តី(ទម្ងន់៤៨ និងទម្ងន់សេរី) និងចំបាប់ក្រិចកូរ៉ូម៉ាំង(បុរសទម្ងន់៦០គីឡូក្រាម និងទម្ងន់សេរី)។ រីឯចំបាប់បុរាណមានផ្នែកបុរសមានទម្ងន់៤៨គ.ក្រ ៥៥ ៦០ ៦៦ និងទម្ងន់សេរី ខណៈផ្នែកនារីមានទម្ងន់៥០គ.ក្រ និងទម្ងន់សេរី៕