កីឡាការិនីរបស់កម្ពុជា វី ស្រីខួច និងកីឡាករ ស៊ឹម ប៊ុនស្រន់ នឹងត្រូវបង្ហាញវត្តមានរួមគ្នា ក្នុងការប្រកួតរបស់ ONE Championship ដែលមានឈ្មោះថា ONE: Immortal Pursuit ដែលនឹងត្រូវរៀបចំឡើងនៅកីឡដ្ឋាន Singapore Indoor Stadium នៅប្រទេសសិង្ហបុរី នាយប់ថ្ងៃសុក្រនេះ ហើយអ្នកទាំង២ សុទ្ធតែចង់ឈ្នះគូប្រកួត ដើម្បីមុខមាត់កម្ពុជា។

នៅក្នុងព្រឹត្តិការណ៍ដ៏ធំ ដែលមានការប្រកួតរហូតដល់១០គូ ហើយត្រូវចាប់ប្រកួតពីល្ងាចម៉ោង៦តទៅនោះ វី ស្រីខួច នឹងត្រូវប្រឈមជាមួយកីឡាការិនីម្ចាស់ផ្ទះ May Ooi ក្នុងលំដាប់គូឯក ទម្ងន់ចន្លេះពី ៥២,៣ ទៅ៦៥,៧ ហើយ ស៊ឹម ប៊ុនស្រ៊ន់ ត្រូវប្រកួតជាមួយកីឡាករចិន Miao Li Tao ក្នុងទម្ងន់ចន្លោះពី៥២,៣ ទៅ៥៦,៧គីឡូក្រាម។

វី ស្រីខួច និង ស៊ឹម ប៊ុនស្រ៊ន់ មិនធ្លាប់ជួប May Ooi និង Miao Li Tao ពីមុនមកនោះទេ ប៉ុន្តែអត្តពលិកដែលត្រូវវ៉ៃតំណាងឲ្យកម្ពុជាទាំង២នេះ បានប្រាប់ថា ពួកគេបានសិក្សា និងបានដឹងពីសមត្ថភាពគូប្រកួតអស់ទៅហើយ ហើយពួកគេក៏គ្មានការខ្លាចរអាអ្វីនោះដែរ។

កីឡាការិនី ដែលអាងទៅលើកណ្តាប់ដៃ វី ស្រីខួច បាននិយាយថា៖«បើទោះបីជាអ្នកឯងខ្លាំងដល់កម្រិតណាក៏ដោយ គឺខ្ញុំអត់ខ្លាចអ្នកឯងនោះទេ។ គេមានជំនាញខាងចាប់ក្លេ ប៉ុន្តែខ្ញុំក៏ទុកចិត្តទៅលើកណ្តាប់ដៃរបស់ខ្ញុំផងដែរ ហេតុនេះខ្ញុំនឹងប្រឹងប្រែងវ៉ៃ ដើម្បីគ្រួសាររបស់ខ្ញុំ និងមុខមាត់ប្រទេសកម្ពុជា»។

ចំណែក ស៊ឹម ប៊ុនស្រ៊ន់ បាននិយាយថា៖«គូប្រកួតរបស់ខ្ញុំ ពូកែខាងម៉ាត់ស្តាំ ប៉ុន្តែទោះអ្នកឯងជាកីឡាករមកពីប្រទេសខ្លាំង សំខាន់ខ្ញុំអត់ខ្លាចអ្នកឯង ព្រោះខ្ញុំហាត់បានច្រើន និងមានភាពរឹងមាំជាងមុន។ ខ្ញុំមានសង្ឃឹមឈ្នះ៨០ភាគរយ គឺខ្ញុំចង់ឈ្នះកីឡាករចិនម្នាក់នេះ ដើម្បីបង្ហាញឲ្យពិភពលោកបានមើលឃើញពីក្បាច់គុនរបស់ខ្មែរ និងបានដឹងថា ខ្មែរជាពូជអ្នកតស៊ូ»។

នៅមានការប្រកួតគូឯកដ៏សំខាន់២គូទៀត ដែលអ្នកទស្សនាមានការចាប់អារម្មណ៍ខ្លាំង គឺការប្រកួតការពារខ្សែក្រវាត់របស់ម្ចាស់ខ្សែក្រវាត់ ONE Welterweight World Champion មកពីអាមេរិក Ben Askren ជាមួយអតីតម្ចាស់ខ្សែក្រវាត់ ONE Lightweight World Champion មកពីជប៉ុន Shinya Aoki ក្នុងទម្ងន់ចន្លោះពី៧៧,១ ទៅ៨៣,៧គីឡូក្រាម ព្រមទាំងការប្រឈមមុខដាក់គ្នារវាងកីឡាករម្ចាស់ផ្ទះ Amire Khan Adrian Pang មកពីអូស្រ្តាលី ក្នុងទម្ងន់ចន្លោះពី៧០,៤ ទៅ ៧៧,១គីឡូក្រាម ហើយអ្នកទាំង៤នេះ មានការឌឺដងដាក់គ្នាខ្លាំង ក្នុងសន្និសីទកាសែតនៅសិង្ហបុរី កាលពីថ្ងៃពុធ ដោយម្នាក់ៗសុទ្ធមានការជឿជាក់ទទួលបានជ័យជម្នះរៀងៗខ្លួន៕