ទិវា​កីឡា​ដើម្បី​ទាំង​អស់​គ្នា​ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ម្សិលមិញ​នេះ​ បញ្ចប់​ដោយ​ជោគជ័យ​ព្រមទាំង​ប្រកប​ដោយ​ស្នាម​ញញឹម​របស់​កីឡាករ​ កីឡា​ការិនី​ដែល​បាន​ចូលរួម​ប្រកួត​ដណ្ដើម​យក​ចំណាត់​ថ្នាក់។​

លោក​ ស៊ាន​ បូរ៉ាត់​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​នាម​លោក​តំណាង​ឲ្យ​ក្រសួង​អប់រំ​ មាន​ចិត្ត​រំភើប​សប្បាយ​រីករាយ​ជា​ខ្លាំង​ នៅ​ពេល​ដែល​ឃើញ​ព្រឹត្តិការណ៍​កីឡា​ដើម្បី​ទាំង​អស់​គ្នា​នេះ​ប្រកប​ដោយ​មិត្តភាព​ សេរីភាព​ យោគយល់​គ្នា​ និង​ចេះ​អធ្យាស្រ័យ​គ្នា​ដូច​ការ​គ្រោង​ទុក។​

រដ្ឋលេខាធិការ​ក្រសួង​អប់រំ​រូប​នេះ​បន្ត​ថា​ ការ​ប្រកួត​នេះ​ប្រព្រឹត្តិ​ទៅ​បាន​យ៉ាង​ល្អ​ប្រសើរ​ ដោយ​មាន​ការ​ខំប្រឹង​ប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត​ និង​បច្ចេកទេស​របស់​ក្រុម​និមួយៗ​ រួម​ផ្សំ​ភាព​យុត្តិធម៌​ពី​ការ​កាត់​សេចក្ដី​មិន​លំអៀង​ពី​សំណាក់​អាជ្ញាកណ្ដាល​ ចៅ​ក្រម​ផង​ដែរ។​ កីឡា​ដើម្បី​ទាំង​អស់​គ្នា​នេះ​ ក៏​ជា​ឱកាស​សម្រាប់​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​បាន​បញ្ចេញ​សមត្ថភាព​ រក​ឃើញ​ពី​ចំណុច​ខ្លាំង​ និង​ចំណុច​ខ្សោយ​នានា​ដើម្បី​ដុសខាត់​ ឬ​កែប្រែ​ឲ្យ​រឹតតែ​ប្រសើរ​ឡើង​វិញ​នា​ពេល​ក្រោយទៀត។​

ទិវា​កីឡា​ដើម្បី​ទាំង​អស់​គ្នា​នេះ​បញ្ចប់​ទៅ​កាល​ពី​ល្ងាច​ថ្ងៃទី២៣​ ខែ​វិច្ឆិកា​ ២០១៧​ នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ។​ ដោយ​ក្រុម​លេខ១​ ផ្នែក​បុរស​ បាន​ទៅ​ វិទ្យាស្ថាន​ជាតិ​អប់រំកាយ​ និង​កីឡា​ក្រុម​ទី៧​ ចំណែក​ក្រុម​លេខ១​ ផ្នែក​នារី​ បាន​ទៅ​វិទ្យាស្ថាន​ជាតិ​អប់រំកាយ​ និង​កីឡា​ក្រុម​ទី១​ ហើយ​ក្រុម​ចម្រុះ​ លេខ១បាន​ទៅ​ សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រ​ចិត្ត៕​

Via: Sabay