នៅទីបំផុត ក្រុមឈរនៅបាតតារាងស្ទើរពេញមួយរដូវកាលនៃលីកកម្ពុជា ឆ្នាំ២០១៧ គិរីវង់សុខសែនជ័យ បានរកឃើញការឈ្នះជាលើកដំបូងរបស់ខ្លួនហើយ ចំណែកក្រុមខ្លាំងទាំង៤មាន ព្រះខ័នរាជស្វាយរៀង បឹងកេត ណាហ្គាវើល និងក្រសួងការពារជាតិ(ទ័ព) បានឈ្នះ៣ពិន្ទុបន្ថែមដូចគ្នា ដើម្បីកក់កៅអីនៅវគ្គខ្វែង(Playoff) ដោយស្វ័យប្រវត្តិដូចគ្នា ទោះនៅសល់ម្នាក់១ប្រកួតទៀត។

សម្រាប់ការប្រកួតវិលជុំប្រចាំសប្តាហ៍ទី២១ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ កន្លងមកនេះ ក្រុមគិរីវង់សុខសែនជ័យ បានប្រើកីឡដ្ឋានគិរីវង់របស់ខ្លួន ដើម្បីយកឈ្នះលើក្រុមអគ្គិសនីកម្ពុជា ២-១។ នេះជាជ័យជម្នះលើដំបូង ដែលក្រុមគិរីវង់ ទទួលបាន ប៉ុន្តែការចាញ់១៧ដង និងស្មើ៣លើក កន្លងមក វាបានកំណត់ពីជោគវាសនារបស់ក្រុមមួយនេះរួចហើយ គឺត្រូវកាត់ចេញពីការប្រកួតនេះ នៅឆ្នាំ២០១៨។

យ៉ាងណាមិញ ក្រុមព្រះខ័នរាជស្វាយរៀង បានបន្តយកឈ្នះក្រុមវេស្ទើន ៤-២ ដើម្បីបន្តឈរនៅលើកំពូលតារាង ដោយមាន៤៦ពិន្ទុ និងតាមពីក្រោយដោយក្រុមបឹងកេត និងណាហ្គាវើល ដែលមាន៤៥ពិន្ទុដូចគ្នា ព្រោះនៅសប្តាហ៍នេះ បឹងកេត បានយកឈ្នះក្រុមម្ចាស់ផ្ទះ ខេមបូឌានថាយហ្គឺរ ៣-១ ហើយក្រុមណាហ្គាវើល បានលត់ក្រុម CMAC ៥-០។

ចំណែកក្រុមក្រសួងការពារជាតិ បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ២-១ ដើម្បីមាន៤២ពិន្ទុ ដើម្បីបន្តឈរនៅលេខរៀងទី៤ ហើយលទ្ធផលនេះក៏បានបិទផ្លូវក្រុមភ្នំពេញក្រោន ក្នុងការដណ្តើមយកលេខ៤ផងដែរ បើទោះបីជាភ្នំពេញក្រោន បានយកឈ្នះក្រុមប៉ូលិស ៤-១ ដើម្បីមាន៣៩ពិន្ទុក៏ដោយ ព្រោះជំនួប២លើកកន្លងមក ក្រុមទ័ព បានឈ្នះភ្នំពេញក្រោន ទាំង២លើក ហេតុនេះបើទោះបីជា១ប្រកួតចុងក្រោយ ក្រុមទ័ព ចាញ់ ហើយភ្នំពេញក្រោន ឈ្នះ ក៏ភ្នំពេញក្រោន បានត្រឹមឈរនៅលេខ៥ដដែល៕