ការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី១ ឆ្នាំ២០១៧ បានរកឃើញម្ចាស់មេដាយមាសទាំង៥ប្រភេទទម្ងន់ជាផ្លូវការហើយ បន្ទាប់ពីបានបើកការប្រកួតត្រឹម១ថ្ងៃ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃអាទិត្យ ម្សិលមិញ។

តាមរយៈការប្រកួតថ្នាក់ជាតិ នៅលើប្រភេទទម្ងន់ចំនួន៥ ដោយមានអត្តពលិកមកពីក្លិបចំនួន១១ នៅទូទាំងប្រទេសកម្ពុជា បានចូលរួមនោះ កីឡាករ ផុន ដានី បានឈ្នះមេដាយមាស ក្នុងការបង្ហាញសាច់ដុំ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមចុះ ហើយកីឡាករ ឆឹង ណូរ៉ា បានឈ្នះមេដាយមាស ក្នុងការបង្ហាញសាច់ដុំទម្ងន់ចាប់ពី ៦០-៦៥គីឡូក្រាម។

ចំណែកការប្រកួតបង្ហាញសាច់ដុំ ក្នុងប្រភេទទម្ងន់ចាប់ពី៦៥-៧០គីឡូក្រាម មេដាយមាសបានទៅលើ លឿង មុនី ហើយការប្រកួតទម្ងន់ចាប់ពី ៧០-៧៥គីឡូក្រាម គឺកីឡាករ ដុំ សារិទ្ធ បានឈ្នះមេដាយមាស ខណៈការប្រកួតបង្ហាញសាច់ដុំក្នុងទម្ងន់ចាប់ពី ៧៥-៨០គីឡូក្រាម គឺមេដាយមាសបានទៅលើកីឡាករ ឈួង រ៉ៃយា។

បន្ថែមទៅលើការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៧នេះ ខេមរៈសហព័ន្ធកាយវប្បកម្ម និងក្រុមហ៊ុន MFiT ដែលជាអ្នកឧបត្ថម្ភធំ ក្នុងការប្រកួតនេះ ក៏បានរៀបចំឲ្យមានការប្រកួតដណ្តើមពានរង្វាន់ MFiT រវាងអ្នកឈ្នះមេដាយមាសទាំង៥ប្រភេទទម្ងន់ខាងលើផងដែរ ហើយជាលទ្ធផល កីឡាករ ឈួង រ៉ៃយា ទទួលបានចំណាត់ថ្នាក់លេខ១ប្រចាំពានមួយនេះ។

លោក តឹក ប៊ុនវី ម្ចាស់មេដាយប្រាក់ពិភពលោក និងជាអគ្គលេខាធិការខេមរៈសហព័ន្ធកាយវប្បកម្ម បានថ្លែងថា បើទោះបីជា នេះជាលើកដំបូង ដែលយើងបានរបចំការប្រកួតថ្នាក់ជាតិ ប៉ុន្តែកម្មវិធីនេះបានដំណើរការទៅយ៉ាងរលូន និងទទួលបានជោគជ័យ ហើយអ្វីដែលគូរឲ្យចាប់អារម្មណ៍នោះ គឺកីឡាករ ដែលបានចូលរួមការប្រកួតនេះ មានការយល់ដឹងច្រើនពីការសម្រក់ទម្ងន់ តម្លើងទម្ងន់ របបអាហារ និងការហ្វឹកហាត់ ដែលជាមូលដ្ឋានរបស់អ្នកលេងសាច់ដុំ។ ចំណុចនេះ បានបង្ហាញឲ្យឃើញថា កីឡាកាយវប្បកម្មនៅកម្ពុជា កំពុងមានការរីកចម្រើនខ្លាំង៕